(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ បានប្រកាសឧបត្ថម្ភប្រតិភូ និងកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ចំនួន៥៦០នាក់ ក្នុងម្នាក់ៗ បានថវិកាចំនួន៥០០ដុល្លារ។
ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំ ណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញ ទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែ មេសានេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ប្រតិភូកីឡា និងកីឡាករ កីឡាការិនី ដែលចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ៥៦០ នាក់ ក្នុងម្នាក់ៗថវិកាជូន៥០០ដុល្លារសហរដ្ឋអាមេរិក»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យទាក់ទង ជាមួយក្រុមហ៊ុនហោះហើរ ដើម្បី យកយន្តហោះជាលក្ខណៈពិសេស សម្រាប់ដឹកប្រតិភូកីឡាករកម្ពុជា ទៅប្រទេសវៀតណាមតែម្ដង ជៀសវាងការរើសរុះ នាំឲ្យពិបាកដល់កីឡាករ-កីឡាករិនី ដែលត្រូវប្រកួត។
បើតាមលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡា SEA Games លើកទី៣១ បានឲ្យដឹង ថា ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំ ប្រភេទកីឡាចំនួន៤០ប្រភេទ និង៥២៦វិញ្ញាសាប្រកួត។
ប្រទេសដែលបានចុះឈ្មោះ ចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧១១៥នាក់ និងអ្នក ស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំនៅ តាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា៕