(ភ្នំពេញ)៖ នៅចំពោះមុខក្រុមកីឡាករ កីឡាការិនី និងអត្តពលិកជាង៥០០នាក់ ដែលត្រៀមចេញ ទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ក៏ដូចជាថ្លែងទៅកាន់ប្រជាជនខ្មែរទូទាំងប្រទេស សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាស់តឿនជាថ្មីម្តងទៀតថា «កុំចាំដល់ពេលមាន សង្គ្រាម ដូចក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ទើបស្រែករកសន្តិភាព គឺត្រូវការពារសន្តិភាព កុំឲ្យមាន ការបំផ្លាញ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា អ្វីដែលកើតមាន និងការរីកចម្រើនលើគ្រប់វិស័យដូចសព្វ ថ្ងៃនេះ គឺកើតចេញពីសន្តិភាព ដែលរកបានដោយលំបាក់បំផុត ដូច្នេះសូមរួមគ្នាការពារសន្តិភាព កុំមានការបំផ្លាញឲ្យបាន។
សម្តេចតេជោ បានលើកយកឧទាហរណ៍ពីប្រជាជនអ៊ុយក្រែន ដែលនៅពេលនេះពួកគេជិត៥០ លាននាក់ គឺកំពុងតែស្រែករកសន្តិភាព ដូចគ្នានឹងប្រជាជនកម្ពុជា ក្នុងជំនាន់ប្រទេសមានសង្គ្រាម ផងដែរ។ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេស វៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កុំភ្លេច មានថ្ងៃនេះ អង្គុយថ្ងៃនេះ ក្នុងមហោស្រពដ៏ធំមួយនេះ តើចាប់ផ្តើមពីអ្វី? មិនមែនចាប់ផ្តើមពីសង្គ្រាមទេ គឺចាប់ផ្តើមពីសន្តិភាព បើគ្មានសន្តិភាពទេ កុំសង្ឃឹមថាមានមហោស្រពកោះពេជ្រនេះ ហើយកុំសង្ឃឹមថាបាននាំគ្នាទៅចូល ប្រកួតស៊ីហ្គេមចំនួនជាង ៥០០នាក់នោះ ហើយកុំសង្ឃឹមថាធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣នោះ […] សន្តិភាពរកបានដ៏លំបាកណាស់ អីចឹងត្រូវនាំគ្នាការពារសន្តិភាព បើចង់ការពារវិស័យកីឡា ឬវិស័យ ផ្សេងៗដែលកំពុងរីកលូតលាស់នេះ ត្រូវការពារសន្តិភាពឲ្យបានកុំឲ្យមានការបំផ្លាញដូច ក្រោយរដ្ឋ ប្រហារ ឆ្នាំ១៩៧០ កើតសង្គ្រាមអ្វីៗក៏ត្រូវបំផ្លាញអស់ ហើយកុំចាំបាត់សន្តិភាព បានស្រែករកសន្តិ ភាព កុំចាំមានសង្គ្រាម បានស្រែករកសន្តិភាព។ ឥឡូវហេតុការណ៍ជាស្តែងប្រជាជនអ៊ុយក្រែន កំពុង តែភៀសខ្លួន អ្វីដែលប្រជាជនអ៊ុយក្រែន ជិត៥០លាននាក់ត្រូវការនៅពេលនេះ គឺកំពុងស្រែករក សន្តិភាពគ្រប់គ្នា មិនខុសពីខ្មែរយើងកាលពីជំនាន់សង្គ្រាមទេ»។
សម្តេចតេជោបន្ថែមថា មូលដ្ឋានសន្តិភាព បានធ្វើឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុង អត្រា៧.៥ភាគរយ២ទសវត្សជាប់គ្នា ឆ្លងផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាប នឹងឈានដល់ការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច នៃសង្គ្រាមនេះ អាចរាប់ជាសង្គ្រាមលោកលើកទី៣ហើយ ព្រោះតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ។
សម្តេចតេជោបន្តថា បើមិនមានផលប៉ះពាល់ធំហួស បណ្តាលមកពីជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទេនោះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល មានលទ្ធភាពដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ៕