(ភ្នំពេញ)៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតមួយអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមកិច្ច ប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
តាមរយៈលិខិតអញ្ជើញដែលទទួលបានលោក ចូ បៃដិន បានបញ្ជាក់ដូចតទៅ៖
«ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្តី ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលយើងមានឱកាស ចែករំលែកទស្សនៈគ្នា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ច ប្រជុំកំពូលអាស៊ីបូព៌ា កាលពីឆ្នាំមុន។ ខ្ញុំសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារមាន សុខភាពល្អ។ ក្នុងនាមប្រជាជនអាមេរិកទាំងអស់ ខ្ញុំសូមផ្ញើនូវការដឹងគុណយ៉ាងស្មោះអស់ពីចិត្ត ជូនចំពោះអាស៊ាន និងប្រទេសសមាជិក នូវភាពជាដៃគូដ៏យូរអង្វែងដែលមានអាយុកាលបួន ទសវត្សរ៍មកនេះ។ នៅចំពោះមុខនៃការប្រឈមដែលពុំធ្លាប់មានពីមុនមក និងកាលានុវត្តភាពដ៏ ចម្បងដែលកើតចេញពីការប្រឈមនេះ សហរដ្ឋអាមេរិកនិងអាស៊ាន បានរួបរួមគ្នាប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់ បង្កើនមហច្ឆិតារបស់យើងក្នុងការដោះស្រាយ បញ្ហាអាកាសធាតុ លើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ ពន្លឿននវានុវត្តន៍ និងរឹតចំណង មិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រជាជនយើងទាំងពីរដែលបូករួមគ្នាមានចំនួនមួយប៊ីលាននាក់។ ការធ្វើបែបនេះ អាស៊ាន និងសហរដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់តំបន់មួយ ដែលសេរី និងបើកចំហរ ដូចដែលបានគូសបញ្ជាក់រួចហើយនៅក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។
ខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចូលរួមដោយផ្ទាល់ក្នុង កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែ ឧសភា ឆ្នាំ២០២២។ ក្នុងឱកាសកិច្ចប្រជុំកំពូលនោះ យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរអង្វែង និងលើកឡើងអំពីមហិច្ឆតារួមរបស់យើង សម្រាប់សករាជថ្មីនៃទំនាក់ ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។ ខ្ញុំទន្ទឹងរង់ចាំជួប សម្ដេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ ដឹកនាំអាស៊ានដទៃទៀត នៅសេតវិមាន។ សូមមេត្តាទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ»៕