(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកម្ពុជា ប្រមាណ ៥៥០នាក់ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម គោរពជំរាបលា និងទទួលអនុ សាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច មុនចេញទៅប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម នាព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ នៅសាលពិពរណ៍កោះពេជ្រ។ក្រោមការចង្អុលបង្ហាញ របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ CAMSOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជាប្រធានប្រតិភូស៊ី ហ្គេមរបស់កម្ពុជានៅល្ងាចថ្ងៃទី២៦ ខែមេសាម្សិលមិញ ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ី ហ្គេមកម្ពុជា បានកោះប្រជុំជាមួយសហព័ន្ធជាតិ ដើម្បីរៀបចំប្រតិភូ និងកីឡាករ-កីឡាការិនី ត្រៀម ចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រីផង និងត្រៀមចេញទៅប្រកួតកីឡា ស៊ីហ្គេម នាខែក្រោយផង។
អគ្គលេខាធិការ NOCC ខាងលើបានថា កិច្ចប្រជុំនេះ គឺដើម្បីបញ្ជូនសារសំខាន់ៗ ទៅគ្រប់សហព័ន្ធ កីឡាជាតិទាំងអស់ ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ទាំងការថែរក្សាសុខភាព និងសុវត្ថិភាព កីឡាករ-កីឡាការិនី មុនចេញដំណើរ ក៏ដូចជាការរៀបចំឯកសារ បំពេញលក្ខខណ្ឌបច្ចេកទេសជាតិ-អន្ដរជាតិ ឧបករណ៍សម្ភារៈបច្ចេកទេសផ្សេងៗ ព្រមទាំងការណែនាំពីពេលវេលាចេញដំណើរ កាល បរិច្ឆេទ និងទីកន្លែងប្រកួតតាមប្រភេទកីឡានីមួយៗជាដើម ក្រោមការគ្រប់គ្រងដោយ NOCC និង ក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមអោយដឹងថា អ្វីដែលពិសេស គឺជំនួបសម្ដែងការគួរសម ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាពេលវេលាដ៏សំខាន់មួយ សម្រាប់ប្រតិភូ កីឡាទាំងអស់ ដែលទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដូចរៀងរាល់ ឆ្នាំ ដែលសម្ដេចតែងតែជួបសំណេះសំណាល ផ្ដល់អនុសាសន៍ និងការលើកទឹកចិត្តដល់ប្រតិភូ និងកីឡាករ-កីឡាការិនី មុនចេញទៅចូលរួមការ ប្រកួតនៅក្រៅប្រទេស ជាក់ស្ដែងដូចជាការប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នាខែ ក្រោយនេះជាដើម។
នាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជាដដែលបន្ដថា ដោយសារប្រតិភូ និងអត្តពលិកច្រើនរហូតជាង ៥០០នាក់ ដែលទាមទារឲ្យរៀបចំកន្លែងមួយមានវិសាលភាពត្រឹមត្រូវ ដូច្នេះជំនួបជាមួយសម្ដេចតេ ជោនាយករដ្ឋមន្ដ្រីស្អែកនេះ នឹងធ្វើនៅសាលពិពរណ៍កោះពេជ្រ មិនធ្វើនៅវិមានសន្ដិភាពដូចឆ្នាំ មុនៗឡើយ។ ឯកឧត្តម បន្ដថា «នេះក៏ជាការជម្រុញចិត្តសាស្ត្រកីឡា មួយដ៏សំខាន់ ធ្វើឲ្យកីឡាករ-កីឡាការិនី ទទួលបាននូវថាមពលនៃចិត្តសាស្ត្រ ដើម្បីជំរុញទឹកចិត្ត និងការប្រកួតប្រជែងរបស់ពួក គគាត់កាន់តែល្អប្រសើរបន្ថែមទៀត»។
សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣១ នៅវៀតណាម នឹងចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ដោយម្ចាស់ផ្ទះបានកំណត់កីឡា ៤០ប្រភេទ ស្មើនឹង ៥២៦វិញ្ញាសាសម្រាប់ ការប្រកួត។ កម្ពុជា នឹងបញ្ជូនកីឡាចំនួន ៣៣ប្រភេទចូលរួម ជាមួយប្រតិភូ និងអត្តពលិកសរុប ៥៥០នាក់ ដោយមិនទាន់រាប់បញ្ជូលប្រតិភូ និងមន្ដ្រីស្រាវជ្រាវរបស់គណៈកម្មាធិការជាតិ CAMSOC ឡើយ។ បេសកកម្មនេះ គឺជាហ្គេមយុទ្ធសាស្ដ្រដ៏សំខាន់ សម្រាប់កម្ពុជាក្នុងការត្រៀម ខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣៕