រដ្ឋសភាថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលសហការរៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឥណ្ឌាមកកម្ពុជា


 (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញលិខិតមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ នៃអាជ្ញាធរខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានសហការអនុវត្តការងារ និងបានជួយជ្រោមជ្រែងក្នុងការរៀបចំទទួលដំណើរ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា ដែល ដឹកនាំដោយលោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា (Lok Sabha) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់។

បើតាមរយៈលិខិតថ្លែងអំណរគុណដែលទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួល ខុសត្រូវខ្ពស់ នៃការងាររបស់លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ និងសូមគោរពទៅដល់ការ យកចិត្តទុកដាក់ ជាពិសេសកិច្ចសហការបំពេញការងារខាងលើ។ ស្នាដៃនេះត្រូវបានទទួលការកោតសរសើរពីគណៈប្រតិភូ និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលជាការចូលរួមចំណែកលើកតម្កើង កិត្តិយស និងកិត្យានុភាពជូនដល់ ជាតិមាតុភូមិនៃយើង»