មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អោយដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ ប្រជាជនតាម ជនបទជាង៧៧% មានបង្គន់អនាម័យប្រើប្រាស់ និង៧៣.៤% មានទឹកស្អាត

(ព្រះសីហនុ)៖ ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែង បញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ ប្រជាជននៅតាមតំបន់ ជនបទ ទូទាំងរាជធានី-ខេត្ត ចំនួន ៧៧.២% មានបង្គន់អនាម័យប្រើប្រាស់ ខណៈដែលប្រជាជនជនបទប្រមាណ ៧៣.៤ % មានទឹកស្អាតប្រើប្រាស់គ្រាប់គ្រាន់។

ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសតំណាងបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំថ្នាក់ ក្រោមជាតិ ដើម្បីពន្លឿនការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ODF) នៅ សណ្ឋាគារសុខា ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ រួម ទាំងអភិបាលរងរាជធានីខេត្តទាំង២៥ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និង អនាម័យជនបទ និងដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ មន្រ្តីរាជការពាក់ ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំពន្លឿនការបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាលនៅកម្ពុជានេះ ដើម្បីធ្វើការឆ្លុះបញ្ចាំង វឌ្ឍនភាពការកំណត់គោលដៅឡើងវិញ និងបញ្ជាក់ពីការតាំងចិត្ត លើការរៀបចំផែនការ ODF រាជធានីខេត្តនីមួយៗ ស្របតាមផែនការសកម្មភាពជាតិលើកទី២ ដែលបានកំណត់ច្បាស់ថា៖ នៅឆ្នាំ២០២៣ សម្រេចឱ្យបាន ៩០% និងឆ្នាំ ២០២៥ សម្រេចឱ្យបាន១០០%។

ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងដូចនេះថា «យោងតាមការអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា តាមការវាយតម្លៃគិតដល់ដំណាច់ត្រីមាសទី៣ ឆ្នាំ២០២១ ប្រជាជនជនបទប្រមាណ៧៣.៤% មាន ទឹកស្អាតប្រើប្រាស់។ អត្រានៃការទទួលបានអនាម័យ បានកើនឡើងពី៧០.៩% នៅឆ្នាំ២០១៧ ដល់ ៧៤.២% នៅឆ្នាំ២០១៩។ នៅឆ្នាំ ២០២១ ប្រជាជនជនបទប្រមាណ៧៧.២% មានបង្គន់អនាម័យ ប្រើ»

ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ ក្នុងចំណោមខេត្តទាំង៥ ដែលជាខេត្តគោលដៅសម្រាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាស កាលនៅឆ្នាំ២០២៣ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកែប មកដល់ពេលនេះខេត្ត ស្វាយរៀង ជាខេត្តដំបូងគេដែលបានក្លាយជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ក្នុងខេត្តទាំង៥នេះ គិតត្រឹមឆ្នាំ២០២១ មានភូមិ ODF ចំនួន ៤,០៩៣ ភូមិ ឃុំ ODF ចំនួន ២៤២ ស្រុក ODF ចំនួន១៩ និងខេត្ត ODF ចំនួន១។

លោកបណ្ឌិតបានអះអាងទៀតថា ការសម្រេចបានដូចនេះ បើប្រៀបធៀបទៅនឹងគោលដៅនៃសូច នាករ ដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យ ជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ (NAP-2) លទ្ធផលដែលទទួលបានក្នុងឆ្នាំ២០២១ គឺចំនួនភូមិ ODF និងឃុំ ODF សម្រេចបានប្រមាណ តែ៥០% ប៉ុណ្ណោះនៃគោលដៅភូមិចំនួន ៨,៨៥៩ និងឃុំចំនួន ៤១៥។ ដោយឡែកចំនួនស្រុក ODF សម្រេចបានច្រើនពោលគឺមាន ១៩ស្រុក នៃគោលដៅស្រុកចំនួន២០ ខណៈចំនួនខេត្ត ODF សម្រេចបានលើសគោលដៅ ដែលបានកំណត់សម្រាប់ឆ្នាំ២០២១។

បន្ថែមពីនេះដែរ ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយកដ្ឋានថែទាំសុខភាពជនបទ ដៃគូអភិវឌ្ឍ និងអង្គការជាដៃគូ ដែលបាន គាំទ្រការងារ លើក កម្ពស់អនាម័យជនបទ ជាពិសេសគាំទ្រការងារអនាម័យ នៅក្នុងខេត្តស្វាយរៀង រួមមាន៖ អង្គការភ្លែនអន្តរជាតិ អង្គការយូនីសែហ្វ អង្គការវ៉តធ័រអេតស៍ អង្គការអាយឌីអ៊ី ដែលបានគាំទ្រយ៉ាង សកម្ម ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ជំរុញឱ្យខេត្តស្វាយរៀង ក្លាយជាខេត្ត ODF ដំបូងគេកម្ពុជាផង ដែរ៕