(ញូដេលី)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ប្រទេសឥណ្ឌា នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចូលរួមថ្កោល ទោសលើការសម្លាប់រង្គាល ជនស៊ីវិល នៅក្នុងទីក្រុង ប៊ូចា (Bucha) នៃប្រទេសអ៊ុយក្រែន និងបាន អំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយ ប៉ុន្តែមិនបានរិះគន់ចំៗលើរុស្ស៊ីដែលជា សម្ព័ន្ធមិត្តយូរអង្វែង មួយរបស់ខ្លួន ជុំវិញសង្រ្គាមឈ្លានពាននៅអ៊ុយក្រែននោះទេ។
លោក ធីអេស ធៀមូទី (TS Tirumurti) អ្នកតំណាងអចិន្ត្រៃយ៍ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដូច្នេះថា «របាយការណ៍ថ្មីៗពីការសម្លាប់រង្គាល ជនស៊ីវិល នៅក្នុងទីក្រុង Bucha គឺជារឿងដ៏រំជើបរំជួល។ យើងសូមចូលរួមថ្កោលទោស យ៉ាងដាច់ អហង្ការលើការសម្លាប់រង្គាលនេះនិងគាំទ្រការអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈឯករាជ្យមួយដើម្បីរកអ្នកទទួលខុសត្រូវ»។ ការថ្លែងសុន្ទរកថារបស់លោក TS Tirumurti បានកើតឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បានសន្ទនាតាម រយៈទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានីយ៉ាម ចៃសានកា (Subrahmanyam Jaishankar)។ សហរដ្ឋអាមេរិក បានទទូចម្តងហើយម្តងទៀតឱ្យឥណ្ឌាចូល រួមថ្កោលទោសលើការឈ្លានពានរបស់រុស្ស៉ី ចាប់តាំងពីការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈ ប៉ុន្តែឥណ្ឌា បានបដិសេធ ក្នុងគោលបំណងធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៉ី និងបណ្ដា ប្រទេសលោកខាងលិច៕