(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល ទទួលបាននៅ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ គឺបានបញ្ជាក់អោយដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹង កើនឡើង៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅ ឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។
នាយកស្តីទីប្រចាំប្រទេសកម្ពុជា របស់ ADB លោក Anthony Gill បានថ្លែងថា «កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា បានងើបឡើងវិញដល់ប្រមាណ ៣.០%ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៣.១% ក្នុងឆ្នាំ២០២០។ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះ ពាល់ អវិជ្ជមាននៃកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការ ស្តារសេដ្ឋកិច្ចឡើងវិញ»។
លោក Anthony Gill បានបន្ថែមទៀតថា ការចាក់វ៉ាក់សាំង បានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ ១៩ បានអនុញ្ញាតឲ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាន នៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣»។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវ បានរំពឹងថា នឹងកើនឡើង ៨.១% នៅឆ្នាំ២០២២ និង ៩.១% ក្នុងឆ្នាំ២០២៣។ កំណើននេះ ក៏នឹង ត្រូវបានជំរុញដោយការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។
ការនាំចេញទំនិញ និងសេវាកម្ម ត្រូវបានព្យាករថា នឹងកើនឡើងនៅឆ្នាំ២០២២ និង ២០២៣ ដោយ សារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញនៅកម្រិត៤.៨% នៅឆ្នាំ នេះ និង កើនដល់៦.៨% ក្នុងឆ្នាំ២០២៣។
ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំង នឹងកូវីដ១៩ នឹងធ្វើឲ្យមានការ ងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រ តម្រូវការនៃកន្លែង ស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។ ក្នុងរបាយការណ៍នេះ ក៏បានអំពាវនាវឲ្យ កម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។
លោក Anthony Gill បានថ្លែងថា «ការបង្កើនពាណិជ្ជកម្ម និង ទេសចរណ៍ តែមួយមុខនឹងមិនគ្រប់ គ្រាន់ដើម្បីជួយកម្ពុជា ឲ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ»។
លោកថា ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និង ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើ ដំណើរ និង ស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះ នឹងធ្វើ ឲ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក»។
បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២.៣ពាន់លានដុល្លារនៅកម្ពុជា។ សម្រាប់ឆ្នាំ ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និង ជំនួយឥតសំណងចំនួន ៣២៧.១លានដុល្លារ ហើយ បានកៀគរថវិកាបន្ថែមចំនួន៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។
ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមាន៖ កម្ចីសម្បទានចំនួន ១.៤៤ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣៧លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និងការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការ ខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះ ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុង នោះ មាន៤៩ប្រទេសមកពីតំបន់ខាងលើនេះ៕