សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយយោធា ១០០លានដុល្លារបន្ថែម ឱ្យអ៊ុយក្រែន

 (វ៉ាស៊ីនតោន)៖  យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ គឺ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាសហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារបន្ថែមទៀត ក្នុងនោះរួមទាំងប្រព័ន្ធការពារប្រឆាំងរថក្រោះ ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ប្លីនខិន បានកត់សម្គាល់ដូច្នេះថា «ខ្ញុំបាន ទទួលបទបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីប៉ុន្មាន ថ្ងៃមុននេះ ឲ្យដកថវិកាចំនួន១០០ លានដុល្លារ ដើម្បីបំពេញតម្រូវការបន្ទាន់របស់អ៊ុយក្រែន ដែលត្រូវការជាចាំបាច់នូវប្រព័ន្ធអាវុធប្រឆាំង រថក្រោះ»

គួរបញ្ជាក់ថា ការប្រកាសផ្ដល់ជំនួយយោធាបន្ថែមឱ្យអ៊ុយក្រែនរបស់លោក ប្លីនខិន ធ្វើឡើងចំពេល បណ្ដាប្រទេសលោកខាងលិចចោទប្រកាន់ចំពោះ អំពើឃោរឃៅលើជនស៊ីវិល ពីសំណាក់កងទ័ព រុស្ស៉ីក្នុងទីក្រុងប៊ូចា ប៉ុន្តែទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់បែបនេះ៕