(បាងកក)៖ តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ថា ក្រសួង សុខាភិបាលថៃ នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង ជំងឺ COVID-19 ថ្មីៗចំនួន២៤,២៥២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២៤,១៦៥ករណីជាករណីឆ្លងក្នុងសហគមន៍ និង ៨៧ ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៩៤នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈ អ្នកជំងឺចំនួន ២៦,២២៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះ ស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ៣,៧៨១,៨២៧ករណី ក្នុងនោះមានអ្នកស្លាប់ ២៥,៦៩៧នាក់ និងអ្នកជា សះស្បើយឡើងវិញគឺ ៣.៥០លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣០លានដូស ក្នុងនោះប្រជាជនជាង ៥០.២៨ លាន នាក់ (៧២.០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៤.០៣លាននាក់ (៣៤.៤%) បានចាក់ដូសជំរុញ៕