(យូអិន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារ សប្ដាហ៍នេះបានអំពាវនាវឱ្យបណ្ដេញរុស្ស៉ីចេញពីក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ខណៈចោទកងទ័ពរុស្ស៉ីថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។
ថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាទីដែលរុស្ស៉ីជា សមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោម ៥ រួមមាន អាមេរិក អង់គ្លេស បារាំង និងចិន លោក ហ្សេលេន ស្គី ក៏បានអះអាងដែរថាការណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ គឺជាមធ្យោបាយមួយដ៏ល្អ ដើម្បីរារាំងកុំឱ្យមូស្គូប្រើសិទ្ធិវេតូខ្ទប់ការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងសង្រ្គាមដែលមូស្គូជាអ្នកបង្កឡើង។ គួរបញ្ជាក់ថា ខណៈថ្កោលទោសរុស្ស៉ី, លោក ហ្សេលេនស្គី ក៏បានបរិហាររិះគន់ផងដែរភាព អសកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលមិនបានចាត់ វិធានការសកម្មភាពណាមួយប្រឆាំងនឹង រុស្ស៉ីឡើយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះក៏ដោយសារតែ រុស្ស៉ី ជាសមាជិក អចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខដែលមានសិទ្ធិវេតូជំទាស់នឹងសេចក្ដីសម្រេចទាំងឡាយ៕