នាយករដ្ឋមន្ត្រីកម្ពុជា ៖ ការដក EBA ពីកម្ពុជា ប្រៀបដូចអឺរ៉ុបបំផ្លាញខ្លួនឯង និងសម្លាប់អ្នកប្រឆាំង

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ក្នុងពេលធ្វើជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជាង ៦ ៧០០នាក់ នៅកោះពេជ្រ កាលពីម្សិលមិញ ថា «មិនខ្វល់ទេ ប្រសិនបើគេចង់ធ្វើអ្វីក៏ធ្វើចុះ» ។ ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺប្រៀបដូចជាសហភាពអឺរ៉ុប (EU) បំផ្លាញសមិទ្ធផលខ្លួនឯងដែលបានធ្វើនៅកម្ពុជា និងជាការសម្លាប់ក្រុមអ្នកប្រឆាំងផ្កាប់មុខ។

តាមរបាយការណ៍របស់សហភាពអឺរ៉ុបបង្ហាញថា សហភាពអ៊ឺរ៉ុប បានគំរាមដកការអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជា បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលកម្ពុជាបានបង្ក្រាបក្រុមប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលនៅថ្ងៃទី១២ ខែធ្នូ នេះ គឺជាថ្ងៃចុងក្រោយ ដែលកម្ពុជាឆ្លើយតបនឹងការចោទប្រកាន់នេះ។

នាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចធ្លាប់ប្រាប់សហភាពអឺរ៉ុបរួចហើយថា កម្ពុជាអាចធ្វើបានចំពោះអ្វីដែលជាជម្រើសរបស់ខ្លួនប៉ុណ្ណោះ។ អ្វីដែលពាក់ព័ន្ធនឹងច្បាប់កម្ពុជា គឺកម្ពុជាមិនអាចធ្វើតាមអឺរ៉ុបបានទេ។ លោកបន្តថា សហភាពអឺរ៉ុបក៏ត្រូវតែដឹងដែរ ផលប៉ះពាល់ពីការដក EBA នេះមិនមែនគ្រាន់តែកម្ពុជាទេ គឺប្រជាជននៅសហភាពអឺរ៉ុបក៏ប៉ះពាល់ដែរ ដោយពួកគេត្រូវបង់ថ្លៃពន្ធច្រើនជាងមុន។

នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា «សមិទ្ធផលដែលអ្នកឯងជួយខ្ញុំ ក៏ដូចជានិរាករណ៍ចោលដែរ។ ទឹកមាត់អ្នកឯងជាមួយខ្ញុំ ក៏នឹងកាត់បន្ថយដែរ មានន័យថា បានរួមចំណែកសម្លាប់ពួកអាប្រឆាំងផ្កាប់មុខតែម្ដង។ ព្រោះដំណើរការក្ដី គឺតុលាការគេប្រកាសហើយ។ អ្នកណាត្រូវជាប់យ៉ាងម៉េចអីយ៉ាងម៉េច កាត់យ៉ាងម៉េចអី ពេលណាគេកាត់ពេលណាគេអីអាហ្នឹងដំណើរការរបស់តុលាការទៅ»។

គួររំឭកថា ប្រទេសលោកខាងលិចមួយចំនួន បានរិះគន់ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងគឺលោក កឹម សុខា តាំងពីឆ្នាំ២០១៧ មុនពេលគណបក្សសង្គ្រោះជាតិរបស់លោកត្រូវបានរំលាយនៅមុនការបោះឆ្នោតកាលពីឆ្នាំមុន និងករណីលោក កឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះកាលពីខែមុន ប៉ុន្តែត្រូវហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយទេ ហើយដើមសប្តាហ៍នេះ ការជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា នឹងត្រូវតុលាការគ្រោងបើកសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខ៕