​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ឈ្នះ​សំឡេង​ភាគច្រើនក្នុងការបោះឆ្នោត

អង់គ្លេស ៖ គណបក្ស​អភិរក្សនិយម​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បានទទួល​សំឡេង​ភាគច្រើន​ដាច់ខាត​នៅក្នុង​ការបោះឆ្នោត​សភា​អង់គ្លេស​ដែល​នឹង​អនុញ្ញាតឱ្យ​លោក​ដើម្បី​នាំ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប ឬ Brexit នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត​នេះ​។

​លទ្ធផល​បោះឆ្នោត​សកល​មុន​អាណត្តិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​ថា​បក្ស​អភិរក្ស​និ​យ​យម​ទទួលបាន​សំឡេងគាំទ្រ ៣២៦ ក្នុងចំណោម​អាសនៈ​សរុប ៦៥០ នៅក្នុង​សភា​ជាន់​ទាប នេះ​មានន័យថា​ពួកគេ​មាន​សំឡេង​គ្រប់គ្រាន់​ក្នុងការ បោះឆ្នោត​អនុម័ត ឬ​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង Brexit របស់លោក Boris Johnson ដែល​បាន​ចុះហត្ថលេខា​ជាមួយ សហភាព​អឺរ៉ុប​។​

​លោក Johnson បាន​និយាយ​បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ថា​“ ខ្ញុំ​គិតថា​នេះ​នឹង​ក្លាយជា​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ផ្តល់ឱ្យ​យើង​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ ឱកាស​គោរព​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​អង់គ្លេស​”។ លោក​បាន​និយាយថា​បក្ស​អភិរក្ស​និ​យ​ន​បានឈ្នះ​«​អាណត្តិ​ថ្មី​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បី​ធ្វើឱ្យ Brexit បានបញ្ចប់​»​។​

​ ​ជ័យជម្នះ​នេះរបស់ លោក Boris Johnson ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្ដល់​សច្ចាប័ន​ភ្លាមៗ លើ​កិច្ចព្រមព្រៀង Brexit ដែល​លោក​បាន​ចុះហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​នាំ​អង់គ្លេស​ចាក​ចេញពី​ប្លុក​មួយ​នេះ​៕