សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងចាត់ទុកការលើកឡើងរបស់ក្រុមមួយចំនួន ដែលថា «ដឹកនាំយូរទៅ កាន់តែក្រទៅ» គឺមិនបានឆ្លុះបញ្ចាំពីតថភាព នៃដំណើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាឡើង។

(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ


សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា តថភាពជាក់ស្តែងរបស់កម្ពុជា នៅឆ្នាំ១៩៧៩ ប្រជាជនរកស្បែកជើងពាក់មិនបានផង មកដល់នៅក្នុងទសវត្សរ៍៨០ ប្រជាជនមានកង់ជិះ បន្ទាប់មកមានម៉ូតូជិះ ឥឡូវមានរថយន្តជិះជាមួយជីវភាពកាន់តែធូរធា។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កត្តាសន្តិភាព បានធ្វើឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង បានអនុញ្ញាតឲ្យប្រជាជនមានលទ្ធភាព ប្រើប្រាស់នូវសម្ភារៈទំនើបទាន់សម័យ។
ការថ្លែងរបស់សម្តេចតេជោធ្វើឡើង ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះថា «ជាមួយនឹងពេលវេលាដែលយើងសម្រេចបាននូវសន្តិភាព ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងមានការកើនឡើង ជីវភាពប្រជាជនកាន់តែប្រសើរឡើង ដែលបងប្អូនទាំងឡាយ គួរតែត្រូវគិតថា កាលឆ្នាំ១៩៧៩ យើងមានអ្វីខ្លះ? មកដល់ពេលនេះយើងមានអ្វីខ្លះ? ដូច្នេះភាសាដែលថា ធ្វើយូរទៅ កាន់តែក្រទៅៗ តើវាសមស្រប ពិតប្រាកដនឹងការជាក់ស្តែង ដែលឆ្នាំ១៩៩៧ រកតែស្បែកជើងពាក់មិនបាន បន្ទាប់ទៅនៅក្នុងទសវត្សរ៍៨០ មានកង់ជិះ បន្តទៅមានម៉ូតូជិះ ឥឡូវទៅដល់មានឡាន […] នេះជាចំណុចដែលយើងមើលថា បានចេញមកពីផ្លែផ្កានៃសន្តិភាព បានមកពីផ្លែផ្កានៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។
សូមជម្រាបថា ផ្លែផ្កានៃសន្តិភាព បានជំរុញឲ្យការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់ ហើយចំណូលរបស់ប្រជាជនម្នាក់ៗ ក៏កើនឡើងផងដែរ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុក (ផសស) ស្រាប់មនុស្សម្នាក់មានចំនួន ១៧៣០ដុល្លារអាមេរិក ខណៈឆ្នាំ២០២២នេះ រំពឹងថា កើនឡើងដល់ ១៨៤២ដុល្លារអាមេរិក។ ចំណែកសេដ្ឋកិច្ចកម្ពុជា រំពឹងកើនឡើងវិញ ក្នុងអត្រា៥.៦ភាគរយ៕