សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តែងក្តីរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលនានា នៅក្រុងសៀមរាប ខេត្តសៀមរាប ជាពិសេសផ្លូវទាំង ៣៨ខ្សែ ដោយប្រកាសជាថ្មីថា សមិទ្ធផលនេះជា «តារារះទិសឧត្តរ» របស់កម្ពុជា

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលនានា នៅក្រុងសៀមរាប ខេត្តសៀមរាប ជាពិសេសផ្លូវទាំង ៣៨ខ្សែ ដោយប្រកាសជាថ្មីថា សមិទ្ធផលនេះជា «តារារះទិសឧត្តរ» របស់កម្ពុជា។


សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងកោតសរសើរដល់គណៈកម្មការអន្តរក្រសួង ដែលបានប្រឹងប្រែងកសាងផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលពិត។ សម្តេចតេជោ បានថ្លែងថា ផ្លូវទាំង៣៨ខ្សែ គឺជាផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានមោទនភាព ជាមួយគណៈកម្មការអន្តរក្រសួង ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើជាប្រធាន ហើយដោយមានការប្រឹងប្រែងយ៉ាងខ្លាំង ពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងបណ្តាអង្គភាពជំនាញ ដែលធ្វើការសាងសង់ដោយផ្ទាល់ ជាមួយនឹងការគ្រប់គ្រងដំណើរការសម្រួល របស់អាជ្ញាធរដែនដីទីនេះ ដើម្បីធ្វើឲ្យសមិទ្ធិផលនេះ ក្លាយទៅជាការពិត ហើយវាជាផ្លែផ្កា ដែលបានមកពីសន្តិភាព និងការអភិវឌ្ឍ ដោយផ្ទាល់របស់យើងតែម្តង»។
សម្តេចតេជោថ្លែងបន្ថែម «យើងរំពឹងថា បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល ភ្ញៀវទេសចរមកកាន់ទីនេះ នឹងបង្កើតបានអំណោយផលសម្រាប់ទីក្រុងសៀមរាប និងវិស័យទេសចរណ៍ សម្រាប់ប្រទេសជាតិរបស់យើង។ ខ្ញុំពិតជាមានការរីករាយ ដោយយើងថ្ងៃនេះ បន្ទាប់ពីម្សិលមិញដែលខ្ញុំបាននិយាយ ខ្ញុំសូមប្រកាសសាជាថ្មីដាក់ថា «តារារះនៅទិសឧត្តរ» របស់យើង»។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ផ្លូវទាំង៣៨ខ្សែនេះ គឺជាយកកម្ពុជា ចិញ្ចឹមកម្ពុជា សាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមការងារសាងសង់ ដែលភាគច្រើនសុទ្ធតែជាធនធានវ័យក្មេងរបស់កម្ពុជា។
សម្តេចតេជោ បានថ្លែងដែរថា ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ។ ផ្លូវទាំងនេះ គ្មានឡើយឈ្មោះ លន់ នល់, សិរិមតៈ, ចេងហេង, និងសឺង ង៉ុកថាញ់ ដែលជាអ្នកក្បត់ជាតិ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលចង់ឱ្យមានអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប។ សម្តេចតេជោ បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ បានថ្លែងលើកឧទាហរណ៍ទៀតថា មានសម្បត្តិបេតិកភណ្ឌនៅប្រទេសមួយចំនួន ត្រូវបានដកចេញពីបញ្ជី ព្រោះតែការបំពាននឹងលក្ខខណ្ឌរបស់យូណេស្កូ។
បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសារនយោបាយដែរថា ពេលមានសន្តិភាព ត្រូវប្រឹងប្រែងរក្សា កុំចាំដល់ពេលមានសង្គ្រាម ទើបប្រឹងស្រែករកសន្តិភាព។ អ្នកដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព មិនត្រូវអត់ឱនឱ្យនោះឡើយនោះ ពោលមិនត្រូវញញើត ក្នុងបំផ្លាញពួកក្បត់ជាតិទាំងនោះទេ។
ស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «តើពាក្យថា «ដឹកនាំយូរទៅ កាន់តែក្រទៅ» ឆ្លុះបញ្ចាំងនឹងតថភាពសង្គមកម្ពុជាដែរទេ ខណៈសង្គមក្រោយឆ្នាំ១៩៧៩ ប្រជាពលរដ្ឋរកតែស្បែកជើងពាក់មិនបានផងនោះ?»។
តាមរយៈការអភិវឌ្ឍក្រុងសៀមរាបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនថា អ្នកប្រព្រឹត្តអំពើអានាចារ និងធ្វើសកម្មភាពចោរកម្មក្នុងក្រុងសៀមរាប ត្រូវបញ្ចប់សកម្មភាព ព្រោះកាមេរ៉ាសុវត្ថិភាព បានបំពាក់តាមទីសាធារណៈអស់ហើយ៕