សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប បានអះអាងថា ក្នុងក្រុងសៀមរាប បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីសាធារណៈដើម្បីធានាសុវត្ថិភាព។
ក្នុងពិធីនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកប្រព្រឹត្តអំពើអនាចារ និងការធ្វើសកម្មភាពចោរកម្មក្នុងក្រុងសៀរាម ត្រូវបញ្ចប់ទៅព្រោះអ្នកប្រព្រឹត្តមិនអាចគេចខ្លួនបានទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «អ្នកដែលប្រព្រឹត្តអនាចារ ឬក៏ចោរលួចចោរប្លន់ គួរតែត្រូវឈប់ទៅព្រោះសេវាកាមេរ៉ាសុវត្ថិភាពពេញណែន។ ជួនកាលខ្លួនទៅបំផ្លាញកាមេរ៉ាសុវត្ថិភាពមួយដើម្បីធ្វើសកម្មភាព ស្មានតែគេយកមិនឃើញ ព្រោះកាមេរ៉ានេះបាញ់ភ្ជាប់គ្នារហូត»។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ចាប់ពីពេលនេះតទៅ សន្ដិសុខ សុវត្ថិភាពប្រជាពលរដ្ឋនៅក្រុងសៀមរាប នឹងកាន់តែធានាបានយ៉ាងល្អប្រសើរ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបំពាក់នៅទូទាំងក្រុងនេះ។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កងកម្លាំងនគរបាលជាតិ ក៏កាន់តែងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍៕