ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សំណូមពរឲ្យសមាជិកក្រុមប្រឹក្សារាជធានី ពេលចុះមូលដ្ឋានត្រូវ សហការជំរុញការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា


 (ភ្នំពេញ)៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសំណូមពរដល់សមាជិក ក្រុមប្រឹក្សារាជធានី ដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយអាជ្ញាធរពាក់ពន្ធ័ឲ្យបាន ល្អ និងត្រូវចេះសួរនាំ សំដៅធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ គ្នា។ ការសំណូមពរបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សារាជធានី ភ្នំពេញនាព្រឹកថ្ងៃទី១០ ខែមីនានេះ ដោយមានការអញ្ជើញចូលរួមពី មាន ចាន់យ៉ាដា តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន បានលើកឡើងថា សមាជិកក្រុមប្រឹក្សារាជធានីដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អ និងត្រូវចេះសួរនាំ និងស្វែងយល់ពីបញ្ហាណា មួយដែលយើងត្រូវកំណត់ថាបងប្អូនប្រជាពលរដ្ឋយើងត្រូវតែបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឬអ្នកខ្លះចាក់មិនបានគ្រប់ដូស តើមកពីមូលហេតុអ្វី ហើយតើហេតុអ្វីបានជាមានបងប្អូន ខ្លះគាត់មិនព្រមមកទទួលការ ចាក់វ៉ាក់សាំង តើសេវាបំរើនោះយ៉ាងម៉េចដែរដើម្បីយើងទទួលបាន ពត៏មានជាក់ស្តែងសំរាប់ធ្វើការឆ្លើយតប និងដោះស្រាយអោយទាន់ពេលវេលា។

ឯកឧត្តម បន្តទៀតថា «ដើម្បីឲ្យទទួលបានព័ត៌មានពិតជាក់ស្តែង យើងត្រូវចុះទៅឲ្យដល់ផ្ទះប្រជាពល រដ្ឋតែម្តង»។ ក្នុងកិច្ចប្រជុំនោះ គណៈអភិបាលរាជធានីភ្នំពេញ បានទទួលយករាល់សំណើ និង សំណូមពររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ទៅធ្វើការដោះស្រាយ និងកែលំអរក្នុងការ អនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ បានលើកឡើងថា បញ្ហាវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញយើង មានវ៉ាក់សាំងគ្រប់គ្រាន់សំរាប់ចាក់ជូនបងប្អូន សូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង។

ឯកឧត្តម បន្តថា «មកដល់ពេលនេះ មិនទាន់មានព័ត៌មានជាក់លាក់ណាមួយដែលថាអ្នកឆ្លងកូវីដ ១៩ប្រភេទ Delta រួចហើយ មិនអាចឆ្លងប្រភេទអូមីក្រុង ហើយក៏មិនមានព័ត៌មានណាបញ្ជាក់ថា អ្នកបានឆ្លងអូមីក្រុងហើយ មិនឆ្លង Delta ទៀតនោះដែរ សំខាន់គឺយើងត្រូវការពារខ្លួនតាមវិធានការ ៣កុំ ៣ការពារ ឲ្យបានម៉ត់ចត់។

ពាក់ព័ន្ធនឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ គូសបញ្ជាក់ថា បញ្ហាសំរាមជាបញ្ហា ប្រឈមមួយ តែពេលនេះយើងបានដោះស្រាយបានល្អប្រសើរច្រើន ដោយយើងមានក្រុមហ៊ុន ប្រមូលសំរាមដល់ទៅ៣ក្រុមហ៊ុន គឺអ្វីៗយើងបាន ធ្វើទៅតាមផែនការដោយសន្សឹមៗ ទាំងការរៀប ចំទីតាំងចាក់សំរាម ការអប់រំណែនាំពីការញែកសំរាមរវាងសំរាមស៊ើម និងសំរាមស្ងួត និងវិធានការ ផាកពិន័យចំពោះអ្នកដែលមិនអនុវត្តតាមការណែនាំផងដែរ៕