(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ម្សិលមិញ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីវឌ្ឍនភាព នៃការដោះស្រាយវិវាទការងារួមនៅ ក្រុមហ៊ុន ណាហ្គាវើលដ៍។
ក្នុងសេចក្ដីប្រកាសព័ត៌មានដែលទទួលបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ ថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាម រយៈគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានអញ្ជើញ ភាគីវិវាទមកចរចាបាន ចំនួន៧លើក ដើម្បីស្វែងរកលទ្ធភាពសម្របសម្រួលបន្តស្របតាមច្បាប់ ស្តីពីការងារ។ ភាគីកម្មករនិយោជិតនៅតែបន្តទាមទារ ឲ្យក្រុមហ៊ុនត្រូវតែទទួលយកកម្មករនិយោ ជិតចំនួន ៣៧៣នាក់ ឲ្យចូលធ្វើការវិញជាដាច់ខាតដដែល ទើបពិភាក្សាលើចំណុចទាមទារដទៃ ផ្សេងទៀត។
តបតាមការសម្របសម្រួលដោះស្រាយរបស់ក្រសួង មានបងប្អូនអតីតបុគ្គលិកជាបន្តបន្ទាប់បាន យល់ព្រមទទួល យកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលគិត មកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ១៤៧នាក់ ក្នុងចំណោម៣៧៣នាក់ ទទួលយកការទូទាត់ ដែលធ្វើឲ្យចំនួនអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណងនៅសល់ ត្រឹមតែ ២២៦នាក់ប៉ុណ្ណោះ។
ជាថ្មីម្តងទៀតដោយផ្អែកតាមនីតិវិធីជាធរមានដែលមានកំណត់នៅក្នុងច្បាប់និងក្នុងគោលបំណងឈានទៅ បញ្ចប់ករណីវិវាទនេះដោយសន្តិវិធី ក៏ដូចជាដើម្បីរក្សាបាននូវផលប្រយោជន៍របស់ ភាគីកម្មករនិយោជិត ភាគីនិយោជក និងដើម្បីរួមចំណែកក្នុងការរក្សាផលប្រយោជន៍សាធារណៈ ក្រសួងសូមអំពាវនាវដល់បងប្អូនបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គា វើលដ៏ ដែលបានចូលរួមធ្វើបាតុកម្មដោយអវត្តមានពីកន្លែងការងារ សូមបញ្ឈប់នូវសកម្មភាពដែល បង្កជាកំហុសនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
ក្រសួងនឹងបន្តសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់កង្វល់នានារបស់បងប្អូន បាតុករ ក៏ដូចជាគិតគូរផ្ដល់សិទ្ធិស្របច្បាប់របស់វិនិយោគិនផងដែរ៕