(វ៉ាសូវី)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ អោយដឹងថា អគ្គរដ្ឋទូតប៉ូឡូញ ប្រចាំទីក្រុងកៀវ លោក បាតូស ស៊ីកឆុកគី (Bartosz Cichocki) បាននិយាយថាការបង្កើតតំបន់គ្មានការហោះហើរនៅក្នុង ប្រទេសអ៊ុយក្រែន អាចនឹង ជួយបញ្ចប់សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស និងសង្រ្គោះជីវិតមនុស្ស ខណៈរុស្ស៊ីនៅតែបន្តទម្លាក់ គ្រាប់បែកលើទីក្រុងជាច្រើន របស់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានអំពាវនាវឱ្យ NATO បង្កើតតំបន់គ្មានការហោះ ហើរនៅក្នុងប្រទេសរបស់លោក ប៉ុន្តែបក្សសម្ពន្ធយោធា មួយនេះបានបដិសេធដោយសារតែពួក គេខ្លាចថាវាអាចនឹងបង្កទៅជាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TVN24 ចេញពីទីក្រុងកៀវ នៅថ្ងៃព្រហស្បតិ៍នេះ លោក ស៊ីកឆុកគី បានបញ្ជាក់ដូច្នេះថា «ការពន្យារពេល (ការបង្កើតតំបន់គ្មានការហោះហើរ) អាចនឹងធ្វើឱ្យ មនុស្សរាប់រយនាក់បាត់បង់ជីវិតពីមួយថ្ងៃ ទៅមួយថ្ងៃ… ដូច្នេះការបិទដែនអាកាសអាចនឹងជួយបញ្ចប់ សង្រ្គាមឱ្យបានកាន់តែឆាប់រហ័ស»៕