(ភ្នំពេញ)៖ អគារមន្ទីរពេទ្យមិត្ដភាព កម្ពុជា-ចិន ព្រះកុសុមៈ ជាជំនួយឥតសំណងរបស់សាធារណ រដ្ឋប្រជាមានិតចិន ក្រោមគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យមិត្ដភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលរួមមានការសាងសង់អគារ និងបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ដ្រ និងការបណ្ដុះបណ្ដាល មាន ចំណុះគ្រែចំនួន ៤០០ សរុបថវិកាចំនួនជាង៨០លានដុល្លារ ត្រូវបានចាប់ផ្ដើមការសាងសង់នៅ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ និងត្រូវបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅចុងខែកុម្ភៈ គ្រោង នឹងសម្ពោធជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែមីនា ឆ្នាំ២០២២នេះ។
បើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា អគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និង ជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខ ភាពជូនប្រជាពលរដ្ឋ។
លោកស្រីបន្ថែមថា «យើងខ្ញុំក៏គោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ដើម្បីអញ្ជើញ មកសម្ពោធបើកឱ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃ នៅថ្ងៃទី២១ ខែមីនា ខាងមុខនេះផងដែរ»។
សូមជម្រាបថា អគារនេះក៏មានសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះ ត្រូវចែកចេញ ជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យា វេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត៕