(ប៉េកាំង)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រាប់អោយដឹងថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃអង្គារ នេះ បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន គួរកុំប្រញាប់ឆេវឆាវ ហើយព្យាយាម បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយការខ្វែងគំនិតគ្នាផ្សេងៗ ដោយសន្តិវិធី គឺតាមរយៈកិច្ច សន្ទនា និងចរចា។
លោករដ្ឋមន្រ្តីការបរទេសចិន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសរបស់សហ រដ្ឋអាមេរិក គឺលោក អាន់តូនី ប្លីងគិន (Antony Blinken) ដោយកំលុងពេលនោះ លោកបាន បង្ហាញពីគោលជំហររបស់ប្រទេសចិន ជុំវិញវិបត្តិអ៊ុយក្រែន។ យោងតាមលោក វ៉ាង វិនប៊ិន (Wang Wenbin) ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង យី បានសម្តែងក្តីបារម្ភជុំវិញស្ថាន ការណ៍វិវត្តនៅអ៊ុយក្រែន ហើយលោកបានលើកឡើងទៀតថា គោលជំហរចិនជុំវិញបញ្ហាអ៊ុយក្រែន គឺនៅតែដដែល។
ក្នុងជំនួបតាមទូរស័ព្ទលោកប្រមុខការទូតចិន បានប្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិកថា ក្តីបារម្ភសម ហេតុផលទាក់ទងនឹងបញ្ហាសន្តិសុខ របស់ប្រទេសណាមួយក៏ដោយ គួរតែត្រូវបានគោរព ហើយ គោលបំណងនិងគោលការណ៍ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ គួរតែត្រូវប្រកាន់ខ្ជាប់។
ជាចុងក្រោយជុំវិញបញ្ហាអ៊ុយក្រែន លោក វ៉ាង យី បានអំពាវនាវដល់គ្រប់ភាគីឱ្យរក្សាភាពអត់ធ្មត់ ហើយងាកទៅព្យាយាមបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយវិបត្តិ តាមរយៈការនិយាយគ្នា ដោយសន្តិវិធី ខណៈដែលស្ថានការណ៍ កំពុងឆ្ពោះទៅរកភាពអាក្រក់ទៅៗ៕