(ឡុងដ៍)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២២ ខែ កុម្ភៈ ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ចក្រភពអង់គ្លេសបានប្តេជ្ញាដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក្រោយទីក្រុងម៉ូស្គូបានប្រកាសទទួលស្គាល់ តំបន់ភាគខាងកើតអ៊ុយក្រែនចំនួន ២ ជារដ្ឋឯករាជ្យ ដោយអង់គ្លេសបានអះអាងថា រុស្ស៊ីនឹងធ្វើការឈ្លានពានអ៊ុយក្រែននៅក្នុងពេលឆាប់ៗ ហើយទង្វើ បែបនេះ គឺជាការបំពានច្បាប់អន្តរជាតិ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានទូរស័ព្ទដោយផ្ទាល់ទៅកាន់ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ដើម្បីពិភាក្សាគ្នាក្នុង ស្ថានការណ៍បន្ទាប់នេះ ក្រោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសទទួលស្គាល់ តំបន់ផ្តាច់ខ្លួន ដូណេតក៍ (Donetsk) និង លូហានក៍ (Luhansk) ជារដ្ឋឯករាជ្យ។
យោងតាមការិយាល័យរបស់លោក Johnson បានគូសបញ្ជាក់ថា «លោកនាយករដ្ឋមន្ត្រី បានប្រាប់ លោកប្រធានាធិបតី Volodymyr Zelenskiy អំពីក្តីជឿជាក់របស់លោកថា ការឈ្លានពានមួយនឹងកើតឡើង នៅរយៈពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃខាងមុខនេះប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រាប់លោកប្រធានាធីបតីអ៊ុយក្រែនថា ទណ្ឌកម្មត្រូវបានរៀបចំរួច រាល់ហើយ ដើម្បីដាក់ចំពោះអ្នកទាំងឡាយណា ដែលបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹក ដីអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានសន្យាផ្តល់ជំនួយបន្ថែមទៀត តបតាមការស្នើ ពីរដ្ឋាភិបាលអ៊ុយក្រែនផងដែរ»៕