សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឱសថស្ថានកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ និងណែនាំ ឲ្យក្រសួងសុខាភិបាល ពង្រឹងការត្រួតពិនិត្យគុណភាពឱសថ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាន អំពាវនាវដល់ឱសថស្ថាន កន្លែងលក់ថ្នាំទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ តាមចិត្ត ដើម្បីជួយឲ្យបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ ងាយទិញសម្រាប់ព្យាបាល។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរយៈពេលចុងក្រោយនេះ ការឆ្លងរាលដាល ជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង បានកើនឡើងច្រើន នាំឲ្យប្រជាពលរដ្ឋសម្រុកនាំគ្នាទៅទិញថ្នាំ សម្រាប់ព្យាបាលខ្លួនឯងនៅតាមផ្ទះ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងសុខាភិបាល ដែលមាន កាតព្វកិច្ចក្នុងការត្រួតពិនិត្យថ្នាំព្យាបាលកូវីដ១៩ ត្រូវពង្រឹងការត្រួតពិនិត្យជៀសវាងប្រជាពលរដ្ឋ ទិញប៉ះថ្នាំក្លែងក្លាយ ដែលប៉ះពាល់ដល់សុខភាព និងខាតបង់ថវិកា។

ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវចំពោះអ្នកលក់ថ្នាំទាំងឡើយ យើងត្រូវបង្កើតសមត្ថភាពនៃការ ផ្គត់ផ្គង់ថ្នាំបន្ថែមទៀត ប៉ុន្តែសូមឲ្យយកចិត្តទុកដាក់ ទៅលើចំណុច២យ៉ាង អំពីថ្នាំព្យាបាលនោះទី១ តម្លៃថ្នាំកុំបង្កើនទៅតាមចិត្តចង់ ព្រោះឥឡូវឃើញបន្តកន្ទុយគ្នាទៅទិញថ្នាំ ព្រោះប្រជាពលរដ្ឋគាត់ មានសមត្ថភាពដើម្បីការពារខ្លួនឯង។ សូមឲ្យកន្លែងលក់ថ្នាំទាំងអស់ ដែលទទួលបានការអនុញ្ញាត សុំកុំដំឡើងថ្លៃទៅតាមចិត្តចង់។ ទី២ ផ្នែកសុខាភិបាលត្រូវតែពិនិត្យមើលថាតើថ្នាំនោះសុទ្ធ ឬមិនសុទ្ធ ព្រោះថ្នាំក្លែងក្លាយ កើតឡើងច្រើនណាស់»

សូមជម្រាបថា ក្រោយមានការកក្រើកឡើងវិញ នៃការឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ប្រជាពលរដ្ឋបានសម្រុកនាំចេញគ្នាស្វែងរកទិញថ្នាំព្យាបាលជំងឺកូវីដ១៩ ពិសេសឱសថ Molnupiravir។ ឱសថដែលក្រសួងសុខាភិបាលអនុញ្ញាតនេះ មានលក់នៅទីស្តីការក្រសួងប្រៃស ណីយ៍ និងទូរគមនាគមន៍ និងនៅតាមប្រៃសណីយ៍នានាតាមបណ្តាខេត្ត រួមទាំងនៅតាមឱស ថស្ថានផងដែរ។ នៅក្រសួងប្រៃសណីយ៍ឱសថ Molnupiravir លក់ក្នុងតម្លៃ៥៥ដុល្លារក្នុង១ដូស ស្មើនឹងមួយកំប៉ុងមាន៤០គ្រាប់។ តែបើតាមឱសថស្ថានឯកជន តម្លៃចាប់ពីជាង៦០ដុល្លារ ដល់ ជិត១០០ដុល្លារ បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋទិញថ្នាំនេះ។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ដោយភ្ជាប់ជា មួយរូបភាពថ្នាំ Molnupiravir ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដោយប្រកាសហាម ឃាត់ការចែកចាយ និងលក់ថ្នាំ Molnupiravir ដោយគ្មានការទទួលស្គាល់ត្រឹមត្រូវទាំងនោះ ផងដែរ៕