ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទសចរណ៍ ខេត្តព្រះសីហនុបាន លើក ឡើងថា ដើម្បីឲ្យស្របទៅនឹងតម្រូវការវិស័យទេសចរណ៍ នាពេលបច្ចុប្បន្ន និងទៅ ខាងមុខ បុគ្គលិក បម្រើនៅតាម វិស័យទេសចរណ៍មានអាហារដ្ឋាន ភោជនីយដ្ឋានផ្ទះសំណាក់សណ្ឋាគារ ត្រូវមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រតិបត្តិ ទទួលភ្ញៀវ ក្នុងបរិបទនៃជំងឺកូវីដ១៩។
ការថ្លែងយ៉ាងដូច្នេះ គឺនៅក្នុងបើកវគ្គបណ្តុះបណ្តាលជំនាញ «បដិសណ្ថាកិច្ចសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ » កាលពីព្រឹកថ្ងៃទី២២ ខែ កុម្ភះ ឆ្នាំ២០២២ ដែលមានរយៈពេល២ថ្ងៃគឺ ចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូល ក្នុងវគ្គបណ្តុះបណ្តាល ចំនួន៣៥នាក់។
ក្នុងឱកានោះ លោក តាំង សុចិត្តគ្រឹះស្នា មានប្រសាសន៍ថា៖ ការបើកវគ្គ បណ្ដុះបណ្ដាលជំនាញស្ដី ពីបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈនាពេលនេះ ក្នុងគោលបំណង-ដើម្បីពង្រឹងសមត្ថ ភាពបុគ្គលិកដែលកំពុងបម្រើការងារតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងលើកកម្ពស់គុណភាព ស្តង់ដារសេវាកម្មការិយាល័យជួរមុខក្នុងខេត្តព្រះសីហនុ។
ទាំងអស់នេះហើយគឺទាមទារឲ្យមានការ ចូលរួមជាចាំបាច់ពីម្ចាស់អាជីវកម្ម បុគ្គលិក ផ្ទះសំណាក់ សណ្ឋាគារ វិស័យឯកជនដែលជាអ្នកអនុវត្តផ្ទាល់ ដើម្បីស្របទៅតាមស្តង់ដារ សេវាកម្មទេសចរណ៍ ដល់ភ្ញៀវមកកម្សាន្តស្នាក់នៅប្រកបទៅដោយគុណភាព។
សូមជម្រាបថា វិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុបន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយ ភ្ញៀវ ទេសចរមានការកើនឡើងតាំងពីរាជរដ្ឋាភិបាលកម្ពុជានឹងបើកទេសចរណ៍ឡើងវិញនៅដំណាច់ចុងឆ្នាំ២០២១មកដូចនេះទាមទារឲ្យបុគ្គលិកបម្រើការនៅតាមភោជនីយដ្ឋានអាហារដ្ឋានផ្ទះសំណាក់សណ្ឋាគារ បានយល់ដឹងអំពីបដិសណ្ឋារកិច្ចសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ព្រោះបុគ្គលិក មួយចំនួន បានផ្អាកពីការងារដោយសារវិបត្តិនៃជំងឺ កាចសាហាវនេះ៕ដោយមនោរាហ៍