រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើកាណាដា ពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្មសេរី ជាមួយកម្ពុជា


 (ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើរដ្ឋាភិបាលកាណាដា ពិនិត្យ លទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកាណាដា ឱ្យកាន់តែរស់រវើកបន្ថែមទៀត។

សំណើរបស់ ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅកម្ពុជា។ ជំនួបពិភាក្សាការងារដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិ ការរវាងកម្ពុជា និងកាណាដា ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូច និងមធ្យម ការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ព្រមទាំងការអភិវឌ្ឍន៍គម្រោងជំនួយ ផ្សេងៗទៀត ដូចជាការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ផ្នែកបច្ចេកទេសជាដើម។

តាមរយៈជំនួបនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រីឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះទំនាក់ទំនងល្អ និងការ គាំទ្ររបស់រដ្ឋាភិបាលកាណាដាកន្លងមក ជាពិសេស ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធាន អាស៊ាននៅក្នុងឆ្នាំនេះ រួមទាំងការផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលគិតត្រឹមថ្ងៃនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតទៅដល់ ៨៩,៨២% នៃប្រជាជនសរុប ១៦លាននាក់។

ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ដែមាន ការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ កម្ពុជាបាននាំចេញទៅប្រទេសកាណាដាក្រោមកម្មវិធី ពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់រហូតដល់ ៩៥៤.៨២លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០២១។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន បានស្នើរដ្ឋាភិបាលកាណាដា តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ពិនិត្យ លទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា និងស្នើឱ្យមាន ការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបានវិនិយោគនៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ។ លើសពីនេះ កម្ពុជា បានធ្វើកំណែទម្រង់ និងក៏សាងច្បាប់វិនិយោគថ្មីៗជាច្រើន សំដៅជួយសម្រួល ដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងដែរថា កម្ពុជាតែងតែគាំទ្រវិនិយោគិនកាណាដា ដែលកំពុងវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងធនាគារ ABA បានស្ថិតក្នុងលំដាប់ទី៣ នៃធរនាគារនាំ មុខគេនៅកម្ពុជា ហើយក្រុមហ៊ុនធានារ៉ាប់រង Manulife វិញ ក៏បានទទួលអាជ្ញាប័ណ្ណ និងចែករំលែក ចំណេះជំនាញរបស់ខ្លួនដល់កម្ពុជាផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងទៀតថា ជំនួយបច្ចេកទេសក្រោមគម្រោង Canadian Trade and Investments Framework (CTIF ) ជាការអនុវត្តដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាណាដា លើការជួយដល់ការធ្វើ កំណែទម្រង់គោលនយោបាយទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ព្រមទាំងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើដល់ភាគីកាណាដា បន្តនូវជំនួយក្រោមគម្រោង CTIF នេះ លើជំនួយបច្ចេកទេសដល់កម្ពុជា ទាក់ទងការអភិវឌ្ឍន៍សមត្ថភាព SMEs ការចូលរួមតាំងពិ ព័រណ៌ និងការផ្គូរផ្គងឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ម្យ៉ាងទៀត ស្នើ ឱ្យមានការផ្តល់ការអនុគ្រោះពិសេសដល់កម្ពុជា ដែលជាប្រទេសមានគម្លាតសេដ្ឋកិច្ចតិចជាង ប្រទេសអាស៊ានមួយចំនួន។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរបស់កម្ពុជាជាមួយកាណាដា និង កម្ពុជាជាមួយអាស៊ាន ព្រមទាំងបានឆ្លើយតបថា នេះជាឆ្នាំពិសេសមួយ ដែលកម្ពុជាធ្វើជាប្រធានា ស៊ាន ត្រូវនឹងខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-កាណាដា។

ចុងបញ្ចប់នៃជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការជួយជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែល្អប្រសើឡើង ជាពិសេសការជួយសម្របសម្រួលដល់ធុរជនរបស់ប្រទេសកាណាដា ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា៕