ហ្វាំងឡង់នឹងចុះកិច្ចព្រមព្រៀង ទិញយន្តហោះចម្បាំង-បំបាំងកាយ F-35 «៦៤គ្រឿង» ពីសហរដ្ឋអាមេរិក


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២អោយដឹងថា ប្រភពដ៏គួរឲ្យទុកចិត្តមួយនៅសហរដ្ឋអាមេរិក បានបង្ហើបឲ្យដឹងថា ប្រទេសហ្វាំងឡង់នៅថ្ងៃសុក្រសប្តាហ៍នេះ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជា ទិញជាផ្លូវការនូវ យន្តហោះចម្បាំង-បំបាំងកាយត្រកូល «F-35» ពីសហរដ្ឋអាមេរិកសរុបចំនួន ៦៤គ្រឿង ស្ថិតក្នុងគោលដៅជំរុញផែនការដាក់ពង្រាយ ឲ្យបានទាន់ពេលវេលា។

កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទេសហ្វាំងឡង់បានប្រកាសថា ខ្លួននឹងធ្វើការផ្លាស់ប្តូរ ក្បួនយន្តហោះចម្បាំងត្រកូល F/A-18 ចាស់ៗចេញ ហើយដាក់ជំនួសមកវិញនូវយន្តហោះចម្បាំង ទំនើប F-35s របស់សហរដ្ឋអាមេរិកចំនួន ៦៤គ្រឿង ព្រមជាមួយនិងប្រព័ន្ធសព្វាវុធថ្មីៗទៀត ផងដែរ។ ទាំងអស់នេះ នឹងស្ថិតនៅក្នុងកញ្ចប់កិច្ចព្រមព្រៀងមួយ ដែលមានតម្លៃជាទឹកប្រាក់ ៩.៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ជុំវិញព័ត៌មានបែកធ្លាយខាងលើនេះ ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅសហរដ្ឋអាមេរិក លោក មីកកូ ហៅតាឡា (Mikko Hautala) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាសញ្ញា ថ្មីមួយទៀត ដែលបញ្ជាក់អំពីការយកចិត្តទុកដាក់ ខ្លាំងបំផុតរបស់ហ្វាំងឡង់ នៅក្នុងកិច្ចការពារ ជាតិរបស់ខ្លួន។ វាគឺជាផ្នែកមួយ នៃផែនការជាយូរមកហើយរបស់យើង និងមិនពាក់ព័ន្ធអ្វី ទៅនឹង ស្ថានការណ៍នាបច្ចុប្បន្នកាលនេះឡើយ»។

យ៉ាងណាក៏ដោយ អគ្គរដ្ឋទូតហ្វាំងឡង់រូបនេះមិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា តើការចុះហត្ថ លេខាលើកិច្ចព្រមព្រៀង នឹងកើតឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ ដូចការផ្សព្វផ្សាយព័ត៌មានដែរ ឬមួយក៏យ៉ាងណានោះឡើយ។ សម្រាប់កិច្ចព្រមព្រៀង ដែលអាចនឹងត្រូវចុះហត្ថលេខាខាងលើនេះ គឺជាការលក់សព្វាវុធទៅឲ្យបរទេស តាមរយៈរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុន Lockheed Martin គឺជាអ្នករ៉ាប់រងក្នុងការផលិត និងផ្គត់ផ្គង់៕