(ភ្នំពេញ)៖ ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពី «សន្តិភាពនៅឧបទ្វីប កូរើ» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញាសន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។
កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ» គឺជាកិច្ចប្រជុំដ៏មានសារសំខាន់ ដើម្បីជជែកពិភាក្សា និងចែករំលែកទស្សនៈនានា ឈានឆ្ពោះទៅរកការបញ្ចប់ជម្លោះឧបទ្វីបកូរ៉េ។ កិច្ចប្រជុំស្វែងរកដំណោះស្រាយលើជម្លោះឧបទ្វីបកូរ៉េនេះ មានមេដឹកនាំ និងអតីតមេដឹកនាំប្រទេស ព្រមទាំងមេដឹកនាំអង្គការពាក់ព័ន្ធមកពីប្រមាណ ១៥៧ប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្លួនខ្ញុំផ្ទាល់សូមស្នើឱ្យកូរ៉េទាំងពីរ និងភាគី ពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញា សន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េ។ ខ្ញុំក៏សូមអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្អែក លើទំនុកចិត្ត និងភាពជាដៃគូយកបជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរកការបង្រួប បង្រួមកូរ៉េទាំងពីរដោយសន្តិភាព»។
សម្តេចបានបន្តថា ពិភពលោករបស់យើង គឺកំពុងតភ្ជាប់គ្នាទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញ ទៅមកកាន់តែខ្លាំង ដូច្នេះហើយយើងត្រូវការធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលការឆ្លើយតបជា សកលចំពោះបញ្ហាសកលដែលកំពុងកើតឡើងនេះ។ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជា បញ្ហាចោទមួយផងដែរ នៅក្នុងបញ្ហាពិភពលោកដ៏តានតឹង និងស្មុគស្មាញ ដែលត្រូវការដំណោះ ស្រាយ។
សម្តេចបានបន្តទៀតថា៖ កិច្ចប្រជុំកំពូលនេះ នឹងដាក់ចេញនូវឯកសារសំខាន់ៗចំនួនពីរគឺ សេចក្ដី សម្រេចចិត្តទីក្រុងសេអ៊ូល ឆ្នាំ ២០២២ ស្តីពី «ដំណើរឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកប ដោយចីរភាពនៅឧបទ្វីបកូរ៉េ» និងគំនិត ផ្តួចផ្តើមស្ដីពី «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ»។ យើងទន្ទឹងរង់ចាំធាតុចូលរបស់គណៈប្រតិភូបន្ថែមទៀតលើឯក សារទាំងពីរនេះ៕