(ត្បូងឃ្មុំ)៖ ឆ្លើយតបចំពោះអ្វីដែលជាបញ្ហាប្រឈម ពាក់ព័ន្ធការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចេញ ពីចង្កើមនៃក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេ ខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ក្រុមបាតុករទាំងអស់ ដែលពាក់ព័ន្ធការពាក់ព័ន្ធត្រូវចូល រួមយកសំណាកទាំងអស់គ្នា។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ជំងឺកូវីដ១៩ ឆ្លងមិនរើសក្រុម ឬបក្ខពួកនោះទេ ពោលឆ្លងគ្រប់ប្រទាប់វណ្ណៈទាំងអស់ប្រសិនបើអ្នក ទាំងអស់នោះ បានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ និងមិនបានអនុវត្តវិធានសុខាភិបាលបាន ត្រឹមត្រូវ។ ចំពោះក្រុមបាតុករ ដែលធ្វើបាតុកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ លោកជំទាវ ឱ វណ្ណឌីន បានក្រើនរំលឹកឲ្យពួកគាត់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមាន សមត្ថកិច្ច ក្នុងការចូលរួមយកសំណាកឲ្យបានទាន់ពេលវេលា ជៀសវាងជំងឺកូវីដ១៩ ឆ្លងរីករាល ដាលចេញពីការដែលមិនស្ដាប់តាមការណែនាំ ដែលឈមនឹងការអនុវត្តតាមផ្លូវច្បាប់ជាធរមាន។
មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានកត់សម្គាល់ថា មិនមានអ្វីខុសឆ្គងនោះទេ ដោយគ្រាន់តែពួក គាត់ទៅចូលរួមយកសំណាកនោះ ព្រោះដើម្បីដឹងទាន់ពេលវេលា ក្នុងករណីរកឃើញវិជ្ជមានជំងឺ កូវីដ១៩ និងងាយស្រួលបញ្ជូនទៅសម្រាកព្យាបាល។ លោកស្រីអះអាងថា រាជរដ្ឋាភិបាល ព្យាបាល អ្នកកើតជំងឺកូវីដ១៩ ដោយឥតគិតថ្លៃនោះទេ។
ព្រមពេលជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដល់បុគ្គលមួយចំនួន មិនត្រូវយក បញ្ហាជំងឺកូវីដ១៩ ដើម្បីកេងចំណេញលើរឿងនយោបាយនោះឡើយ ពោលបញ្ហាជំងឺកូវីដ១៩ ជា ការទទួលខុសត្រូវរួមគ្នារបស់បុគ្គលម្នាក់ៗ ចំពោះក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដូច្នេះមិនត្រូវឆ្លៀតឱកាសនេះញុះញង់ឲ្យមានការយល់ច្រឡំឡើយ៕