(គូឡាំពួរ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin បាននិយាយនៅ ថ្ងៃចន្ទនេះ ថា អាជ្ញាធរម៉ាឡេស៊ីកំពុងចាត់វិធានការដើម្បីត្រៀមរៀបចំ សម្រាប់ការកើនឡើងដែល អាចកើតមាន នៃករណីឆ្លងកូវីដ១៩ ខណៈវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងជំរុញឱ្យមានការកើន ឡើងនៃករណីឆ្លង។
លោក Khairy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វិធានការទាំងនោះរួមមានការ ចាប់ផ្តើមឡើងវិញនូវក្រុមការងារឆ្លើយតបរហ័សកូវីដ១៩ ថ្នាក់ជាតិ ដែលត្រួតពិនិត្យលើមន្ទីរពេទ្យ ចំនួនគ្រែក្នុងមន្ទីរពេទ្យ និងការសម្របសម្រួលជាមួយអ្នកផ្តល់សេវាថែទាំសុខភាពឯកជន។
សូមជម្រាបថា ប្រទេសម៉ាឡេស៊ីបានឃើញការកើនឡើង នៃការឆ្លងថ្មីក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ ដោយមានករណីថ្មីចំនួន ១១,០៣៤ករណី ត្រូវបានរាយការណ៍នៅថ្ងៃចន្ទនេះ។ ពេលវេលាចុងក្រោយដែលប្រទេសនេះបានកត់ត្រាការឆ្លងថ្មីចំនួនប្រាំខ្ទង់គឺនៅក្នុងខែតុលាឆ្នាំមុន៕