(ម៉ូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា ចិន និងរុស្ស៊ី បានប្រកាសជាសាធារណៈពីភាពជាដៃគូយុទ្ធសាស្ត្រមួយ ដ៏ស៊ីជម្រៅ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថាឥទ្ធិពលដ៏អាក្រក់របស់ សហរដ្ឋអាមេរិក នៅជុំវិញ ពិភពលោក។ ការប្រកាសខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាស បើកការប្រកួតព្រឹត្តិការណ៍ រដូវរងាទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ សេចក្ដីថ្លែងការណ៍នេះដដែល បានបញ្ជាក់ដូច្នេះ ថា «ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២ មិនមានព្រំដែនកំណត់ឡើយ ហើយវាក៏គ្មានឧបសគ្គ រារាំងក្នុងការធ្វើកិច្ចសហប្រតិបត្តិការនោះដែរ»។
បន្ថែមពីលើនេះ ចិន និងរុស្ស៊ីក៏បានប្រកាសផងដែរពីផែនការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើន ក្នុងនោះរួមមាន អវកាស, ការប្រែប្រួលអាកាសធាតុ, បញ្ញាសម្បនិម្មិត (AI) ព្រមទាំងការ គ្រប់គ្រងអ៊ីនធើណិត ជាដើម។
គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីជំនួបរវាងលោក ស៊ី ជិនពីន និងលោក ពូទីន អ្នកនាំពាក្យ សេតវិមាន លោកស្រី Jen Psaki បាននិយាយថាលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏មាន ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយចិនដែរ។ តែបានព្រមានថាការបង្កអស្ថិរភាព ឬជម្លោះណា មួយដោយរុស្ស៊ី នៅក្នុង តំបន់អឺរ៉ុប ក៏នឹងបំផ្លាញដល់ផលប្រយោជន៍ចិនដូចគ្នាដែរ៕