ប្រេងឆៅធ្លាក់ថ្លៃ ខណៈក្រុមប្រទេសផលិតប្រេង OPEC+ រក្សាផែនការដំឡើងទិន្នផលផលិតកម្ម នៅដដែល


 (ក្រុងឡុងដ៏)៖  តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានអោយដឹងថា តម្លៃប្រេងបានធ្លាក់ថ្លៃនៅថ្ងៃ ព្រហស្បតិ៍ បន្ទាប់ពីអាមេរិកចេញផ្សាយទិន្នន័យការងារ ទាប និងសកម្មភាពទិញលក់ដើម្បីប្រាក់ ចំណេញមានតិចតួច ប៉ុន្តែតម្លៃប្រេងនៅតែត្រូវបានគាំទ្រ ដោយការកង្វះការផ្គត់ផ្គង់ ខណៈដែលក្រុម ប្រទេសផលិតប្រេង OPEC+ បានរក្សាផែនការដំឡើង ផលិតកម្មប្រេងនៅដដែល។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ថ្លៃ ៦១សេន ឬ ០,៧ភាគរយមកនៅត្រឹម ៨៨,៨៦ដុល្លារក្នុង មួយបារ៉ែល បន្ទាប់ពីកើនឡើង ៣១សេននៅថ្ងៃពុធ។ ប្រេងឆៅប្រភេទ West Texas Intermediate បានធ្លាក់ថ្លៃ ៦៩សេន ឬ ០,៨ភាគរយនៅត្រឹម ៨៧,៥៧ដុល្លារក្នុងមួយបារ៉ែល។

ចំនួនការងារក្នុងវិស័យឯកជនរបស់អាមេរិកបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំនៅខែមករា ដែលបង្កើនហានិភ័យនៃការធ្លាក់ចុះខ្លាំងក្នុងអត្រាមានការងារធ្វើ ដែលនឹងបង្កបញ្ហាបណ្តោះ អាសន្នដល់ទីផ្សារការងារ។ ប៉ុន្តែកង្វះការផ្គត់ផ្គង់ប្រេងពិភពលោក និងភាពតានតឹងផ្នែកភូមិសាស្រ្ត នៅតំបន់អឺរ៉ុបភាគខាងកើត និងតំបន់មជ្ឈិមបូព៌ា បានបង្កើនតម្លៃប្រេងប្រហែល ១៥ភាគរយរហូត មកដល់ពេលនេះនៅឆ្នាំនេះ។

ប្រទេសជាសមាជិករបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលដឹក នាំដោយប្រទេសរុស្ស៊ី ឬហៅថា OPEC+ កាលពីថ្ងៃពុធបានព្រមព្រៀងគ្នារក្សាផែនការដំឡើងទិន្ន ផលប្រេងឆៅចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដដែល បើទោះជាមានសម្ពាធពីប្រទេសប្រើប្រាស់ ប្រេងធំៗឱ្យបង្កើនទិន្នផលលឿនជាងនេះក្តី។

ធនាគារ Goldman Sachs បានឱ្យដឹងថា៖ «នៅក្នុងពេលនេះ បើទោះជា OPEC+ ដំឡើងទិន្នផល ប្រេងលឿនជាងនេះក៏ដោយក៏ការដំឡើងទិន្នផលនេះនឹងប៉ះពាល់ដល់កម្រិតសមត្ថភាពបម្រុងទុកដែលមានកម្រិតទាបខ្លាំងដែរ»។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺធនាគារ Goldman Sachs ដែលបានព្យារករថា តម្លៃប្រេង ឆៅប្រភេទ Brent នឹងកើនឡើងដល់ ខ្ពស់ ជាង ១០០ដុល្លារក្នុងមួយបារ៉ែលនៅត្រីមាសទី៣ ឆ្នាំនេះ បានព្យាករថា ក្រុមប្រទេស OPEC+ អាចពិចារណាអំពីការបន្ធូរការកាត់បន្ថយផលិតកម្មលឿន ជាងនេះ៕