(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា បានយាងដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយ ដើម្បីយាងចូលរួមពិធីបើកការ ប្រកួតកីឡាអូឡាំពិករដូវរងា ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី០៤ ខែកុម្ភៈ ។ ជាមួយការយាងចូលរួមពិធីបើកព្រឹត្តិការណ៍ ៤ឆ្នាំម្ដង នៅទីក្រុងប៉េកាំងនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅ ចំពោះព្រះរាជវត្តមានរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងនេះថា មិនត្រឹមតែជាការផ្ដល់ កិត្តិយសដល់ម្ចាស់ផ្ទះ និងពង្រឹងចំណងមិត្តភាពកម្ពុជា-ចិននោះទេ តែក៏ជាការពង្រឹងខាងផ្នែក វិស័យកីឡាផងដែរ ។
ឯកឧត្តម បានគូសបញ្ជាក់ថា «នេះគឺជាសញ្ញាណមួយ នៃការផ្ដល់កិត្តិយសដល់ម្ចាស់ផ្ទះ និងជាការ ពង្រឹង ចំណងមិត្តភាពកម្ពុជា-ចិន ជាមិត្តដែកថែប ហើយនេះក៏ជាសញ្ញាណដើម្បីពង្រឹងខាងផ្នែក វិស័យកីឡាផងដែរ តាមរយៈការផ្ដល់កិត្តិយសដ៏ធំធេងជូនកម្ពុជា ដោយការយាងព្រះមហាក្សត្រកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង» ។
«អ៊ីចឹងព្រះរាជដំណើររបស់ព្រះអង្គមិនមែនត្រឹមតែជាការយាងចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា ជាពិធីកីឡានោះទេ ប៉ុន្ដែក៏ជាសញ្ញាណបញ្ជាក់នូវការយកចិត្តទុកដាក់ និងការគាំទ្រ ពិសេស បង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះទីក្រុងម្ចាស់ផ្ទះ នៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយជាការ គាំទ្រនយោបាយនៃការធ្វើម្ចាស់ផ្ទះនេះ បានទទួលជោគជ័យ បានន័យថា ជោគជ័យទាំងអស់គ្នា ក្រោមពាក្យស្លោក រួមគ្នាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់មួយ» ។ លោក វ៉ាត់ ចំរើន បន្ថែម ។
ឯកឧត្តម បន្ដថា «នេះគឺជាការរួមចំណែកជាមួយទីក្រុងប៉េកាំងផង និងរួមចំណែកបង្ហាញពីមិត្តភាព សាមគ្គីភាពរបស់កម្ពុជា នៅក្នុងប្រទេសទាំងអស់ លើពិភពលោកផង ។ យើងឃើញថា ក្នុងពិធីបើក អូឡាំពិករដូវរងានេះ ក៏មានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិដែរ ។ អ៊ីចឹងមានការគាំទ្រច្រើនពីសហគមន៍អន្ដរជាតិ ចំពោះការខិតខំប្រឹងប្រែងនេះ ។ យើងខ្ញុំសង្ឃឹមថា ព្រះករុណា និងប្រតិភូ ដែលយាងទៅនេះ នឹងទទួលបាននូវមហាកិត្តិយស និងមានព្រះរាជសុវត្ថិភាព ជាមួយការរៀបចំប្រកបដោយយកចិត្តទុកដាក់ និងមានសុវត្ថិភាពបំផុតរបស់ម្ចាស់ផ្ទះចិន» ៕