(អូតាវ៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបាននិយាយថារដ្ឋាភិបាលរបស់លោកនឹងមិនប្រើ កម្លាំងកងទ័ព ប្រឆាំងនឹងក្រុមបាតុករ ជាអ្នកបើករថយន្ដដឹកទំនិញ ដែលកំពុងធ្វើបាតុកម្មតវ៉ាបិទផ្លូវ ទាមទារឱ្យលុបចោលកាតព្វកិច្ចចាក់ វ៉ាក់សាំងបង្ការ COVID-19 នោះឡើយ។
ការអះអាងរបស់លោក ឌ្រូដូ កើតមានឡើង បន្ទាប់ពីមន្ត្រីប៉ូលិសជាន់ខ្ពស់ប្រចាំរដ្ឋធានីអូតាវ៉ា (Ottawa) បានឱ្យដឹងកាលពីថ្ងៃពុធថា មានកាំភ្លើងជាច្រើនដើមត្រូវបានគេរត់ពន្ធប្រគល់ទៅឱ្យ ក្រុមបាតុករ ដែលនេះតម្រូវឱ្យមានការប្រើប្រាស់កម្លាំងយោធា។ ប៉ុន្តែ គំនិតនេះត្រូវបានលោក ឌ្រូដូ ដែលកំពុងប្រឈមមុខនឹង ការទាមទារឱ្យចុះចេញពីតំណែងផងនោះ ច្រានចោល៕