លោក ពូទីន និងលោក ម៉ាក្រុង ជួបសន្ទនាគ្នាតាមទូរស័ព្ទជាលើកទី ៣ ក្នុងពេល១សប្តាហ៍មកនេះ ពាក់ព័ន្ធរឿងអ៊ុយក្រែន

 (ប៉ារីស)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង បានជួបសន្ទនាគ្នាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ (ពេលវេលានៅទីក្រុងប៉ារីស) ដែលជាលើកទី ៣ ហើយនៅអំលុងពេល ១សប្តាហ៍មកនេះ ដើម្បី ពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងការធានាសន្តិសុខ ដែលរុស្ស៊ីចង់បានពីលោកខាងលិច។

វិមានក្រឹមឡាំងបានប្រកាសឲ្យដឹង នៅក្រោយកិច្ចសន្ទនាខាងលើនេះថា មេដឹកនាំទាំងពីររូបបាន បន្ត «ការសន្ទនាជាមួយគ្នា លើប្រធានបទសំខាន់ៗ» ពាក់ព័ន្ធស្ថានភាពនានានៅអ៊ុយក្រែន ព្រមទាំង ការបង្កើតឲ្យមាន «ការធានាសន្តិសុខរយៈពេលវែង និងស្របច្បាប់» រវាងប្រទេសរុស្ស៊ី និងក្រុម ប្រទេសលោកខាងលិច។

ស្ថិតក្នុងឱកាសនោះ លោក ពូទីន ក៏បានលើកឡើងប្រាប់លោក ម៉ាក្រុង អំពី «សេចក្តីថ្លែងការណ៍ បែបបង្កហេតុនិងសកម្មភាពរបស់ថ្នាក់ដឹកនាំក្រុងកៀវ» ដែលបានប្រឆាំងទៅនឹងកិច្ចព្រមព្រៀងទីក្រុង មីង (Minsk) ស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែនផងដែរ៕