សហភាពអឺរ៉ុបត្រៀម កញ្ចប់ទណ្ឌកម្មកម្រិតធ្ងន់រួចជាស្រេច ដើម្បីដាក់លើរុស្ស៉ី ប្រសិនបើអ៊ុយក្រែនរងការឈ្លានពាន

 (ព្រុចសែល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថាប្រធានគណៈកម្មការនៃសហភាពអឺរ៉ុប (EU) លោកស្រី អឺស៊ូឡា វ៉ុនដឺ លេយែន (Ursula von der Leyen) បានប្រកាសថា សហភាពអឺរ៉ុបបានត្រៀមរួចជាស្រេចនូវ កញ្ចប់ទណ្ឌកម្មកម្រិតធ្ងន់និងគ្រប់ជ្រុងជ្រោយ ដើម្បីទម្លាក់ទៅលើប្រទេសរុស្ស៉ី ក្នុងករណីដែល ទីក្រុងម៉ូស្គូពិតជាហ៊ានធ្វើការឈ្លានពានលើអ៊ុយក្រែន។

លោកស្រី von der Leyen បាននិយាយយ៉ាងដូច្នេះថា «យើងបានរៀបចំនូវកញ្ចប់ទណ្ឌកម្មផ្នែក ហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ដែលមានកម្រិតធ្ងន់ធ្ងរ និងគ្រប់ជ្រុងជ្រោយបំផុត ដោយក្នុងនោះរួមមានទាំង ការដាក់កំហិតលើ ការទទួលបានវិនិយោគទុនពីបរទេស និងការគ្រប់គ្រងការនាំចេញផលិតផល ជាដើម ជាពិសេសលើសម្ភារៈបច្ចេកទេស»។ បើតាមលោកស្រីប្រធានគណៈកម្មការអឺរ៉ុប បណ្តាញ បំពង់ផ្គត់ផ្គង់ឧស្ម័ន ណដ ស្រ្ទីម ធូ (Nord Stream 2) ក៏ជាប់ពាក់ព័ន្ធក្នុងកញ្ចប់ទណ្ឌកម្មនេះដែរ ដោយសំណួរថាតើបណ្តាញនេះ អាចដំណើរការទៅបានដែរឬអត់ គឺនឹងត្រូវអាស្រ័យលើទង្វើ របស់រុស្ស៉ី៕