(បាងកក)៖ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ប្រាប់អោយ ដឹងថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរាយការណ៍ពីការ រកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៩០៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២២នាក់បន្ថែមទៀត ក៏ ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៨២៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,៤៧៥,៦៣២ករណី ក្នុងនោះមានអ្នកស្លាប់ ២២,២៥៣នាក់ និងអ្នកជា សះស្បើយឡើងវិញគឺជាង ២.៣៦លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវបានគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១៦លានដូស ក្នុងនោះប្រជាជន ៤៨.៣លាននាក់ (៦៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ១៥.៤លាននាក់ (២២.១%) បានចាក់ដូសជំរុញ៕