(ម៉ាឌ្រីដ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ បញ្ជាក់ថា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េត្រូ សាន់ឆែស (Pedro Sanchez) បានព្រមានថារុស្ស៊ីនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ ហ៊ានធ្វើអន្តរាគមន៍យោធាណាមួយនៅក្នុងប្រទេសអ៊ុយក្រែន។
រុស្ស៊ី ត្រូវបានបណ្ដាប្រទេសលោកខាងលិចចោទប្រកាន់ថាបានដាក់ពង្រាយកងទ័ពជាង ១សែន នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ ទីក្រុងម៉ូស្គូ ក៏បាន បដិសេធជាច្រើនលើកផងដែរថាខ្លួន គ្មានផែនការប្រើកម្លាំងយោធាលើប្រទេសដទៃឡើយ ហើយបានដាក់សំណើធានាសន្តិសុខពីអង្គការ NATO ក្នុងនោះ រួមមានទាំងកុំទទួលយកអ៊ុយក្រែនជាសមាជិក NATO ខណៈសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្នុងករណីរុស្ស៊ីប្រើ កម្លាំងយោធាលើអ៊ុយ ក្រែនមែននោះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន (Sanna Marin) នៅថ្ងៃពុធសប្ដាហ៍នេះ លោក Pedro Sanchez បានបញ្ជាក់ដូច្នេះ ថា «ជាសារ មួយដ៏សំខាន់ផ្ញើទៅកាន់រស្ស៊ី នោះគឺប្រសិនបើមានការធ្វើអន្តរាគមន៍យោធា នោះរុស្ស៊ីនឹងត្រូវ ប្រ ឈមមុខនឹងទណ្ឌកម្ម សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសំណាក់សហភាពអឺរ៉ុប»។ ប៉ុន្តែ លោក Sanchez មិនបានបញ្ជាក់លម្អិតថាទណ្ឌកម្មសេដ្ឋកិច្ច នឹងមានទម្រង់បែបណានោះទេ៕