សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសផ្លូវ ជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ នៅថ្ងៃទី៣១ ខែមករា, សាលារាជធានីភ្នំពេញ ជូនដំណឹងអំពីការ បញ្ចៀសចរាចរនៅថ្ងៃរៀបចំពិធី


 (ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែល ទទួលបានគឺបាន អោយដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធី បើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

នៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានអាកាស នៅថ្ងៃទី៣១ ខែមករា ខាងមុខនេះ រដ្ឋបាលរាជ ធានីភ្នំពេញ ក៏បានធ្វើការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ននៅជុំវិញ ទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញ ត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពាន ដែកបេឡេត្រូវបង្វែរសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន វិញ»។ ចំពោះការបញ្ចៀសចរាចរណ៍នេះ រដ្ឋបាលរាជធានីភ្នំពេញក៏អំពាវនាវដល់ ប្រជាពលរដ្ឋជា ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរណ៍ ជាធម្មតាវិញ៕