(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្ដេជ្ញា រួបរួមគ្នាសម្រេចមហិច្ឆតាដណ្ដើមមេដាយមាស ៩គ្រឿងនៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជូនជាតិឲ្យខានតែបាន។ នេះបើតាមការបញ្ជាក់របស់ប្រធានសហព័ន្ធលោក អ៊ូ រតនា ក្នុងពិធីបិទ ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ម្សិលមិញ នាទីលាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកលើកឡើងថា បច្ចុប្បន្នសហព័ន្ធកំពុងខិតខំ អភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីគ្រប់កម្រិត សម្រាប់ត្រៀមស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា ទាំងក្រុមធំ និងយុវជនថ្នាល ក៏ដូចជាមាគម/ក្លិបគ្រប់រាជធានីខេត្ត ដើម្បីត្រៀមលក្ខណៈចូលរួមការ ប្រកួតនានាទាំងថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមពាក្យស្លោក «កម្ពុជាឆ្ពោះទៅរកមេដាយមាសកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងប្រជាជនម្នាក់ លេងកីឡាមួយមុខ ប្រចាំជីវិត»។
ប្រមុខសហព័ន្ធខាងលើបានសង្កត់ធ្ងន់ថា «ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាំឲ្យប្រទេសកម្ពុជា បានទទួលសិទ្ធិធ្វើម្ចាស់ ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ដ្រនេះ។ ដូច្នេះមន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រួមគ្នាប្ដេជ្ញាស្វែងរកមេដាយមាសជូនជាតិឲ្យបាន ៩គ្រឿងក្នុងព្រឹត្តិ ការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា»។
ទន្ទឹមជាមួយគ្នា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដែល អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតខាងលើបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សហព័ន្ធ ទាំងការអភិវឌ្ឍធនធានកីឡាករ មន្ដ្រីបច្ចេកទេស រហូតដល់ការកៀគរវិស័យឯកជន និងសប្បុរសជនចូលរួមគាំទ្រច្រើន ជាក់ស្ដែងក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលមានសន្ទុះ នៃការគាំទ្រគួរឲ្យភ្ញាក់ផ្អើល ហើយ ឯកឧត្តម រំពឹងថា ការឧបត្ថម្ភគាំទ្រនេះនឹងក្លាយជាប្រយោជន៍ សម្រាប់កីឡាករ-កីឡាការិនីដែលជាតួអង្គសំខាន់។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា គណៈកម្មាធិការជាតិ CAMSOC បានកំណត់ សន្ទសន៍មេដាយសម្រាប់ប្រភេទកីឡានីមួយៗ ក្នុងផែនការមេឆ្ពោះទៅស៊ីហ្គេម-អាប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ រួចហើយ ក្នុងនោះកីឡាវ៉ូវីណាម ដែលជាប្រភេទដ៏មានសក្ដានុពលមួយ ត្រូវបានកំណត់ ដណ្ដើមមេដាយមាសយ៉ាងហោច ៩គ្រឿង ហើយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ សហព័ន្ធសម្រេចបានកន្លងមក លោកមានសុទិដ្ឋិនិយមថា វ៉ូវីណាមនឹងធ្វើបាន ហើយក្លាយជាកីឡា ដ៏មានប្រជាប្រិយភាពនាឆ្នាំ២០២៣ ទៀតផង៕