លោកជំទាវ ឱ វណ្ណឌីន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីភ្នាក់ងារ USAID ផ្តោតលើការ ប្រយុទ្ធ ប្រឆាំងនឹងជំងឺអេដស៍ គ្រុនចាញ់ របេង និងជំងឺឆ្លងថ្មីៗ


 (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេ ខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រប ខណ្ឌទូទាំងប្រទេស បានអនុញ្ញាតឲ្យគណៈប្រតិភូ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរ ជាតិ (USAID) ដែលដឹកនាំដោយលោកស្រី Nancy Eslick ប្រធានបេសកកម្មថ្មីរបស់ ទីភ្នាក់ ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅទីស្តីការក្រសួងសុខាភិបាល។

គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាលកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពង្រឹងសុខាភិបាល និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជាជំងឺ អេដស៍ គ្រុនចាញ់ របេង និងជំងឺឆ្លងថ្មីៗផ្សេងទៀត។

លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនា ការចាំបាច់ និងសំខាន់ៗ ដែលត្រូវបានអនុវត្តនាពេលកន្លងមករហូតឈានទៅគ្រប់គ្រងការរាតត្បាត និងការបើកប្រទេសឡើងវិញក្នុងគន្លងប្រក្រតីភាពថ្មី។

លទ្ធផលសម្រេចដ៏ជាទីមោទនៈនេះ បានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺ កូវីដ-១៩ និងផែនការស្រោចស្រពចាក់វ៉ាក់សាំងកូវីដ-១៩ តាមយុទ្ធសាស្រ្តផ្ការីក។

លោកស្រី Nancy Eslick ប្រធានបេសកកម្មថ្មីរបស់ USAID បានអបអរសាទរ និងកោតសរសើរ នូវការខិតខំជាបន្តបន្ទាប់ និងជាប្រចាំរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការលើកកម្ពស់គុណភាពសុខាភិបាល ជាពិសេសការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩។

តបតាមការស្នើសុំរបស់ លោកជំទាវ ឱ វណ្ណឌីន USAID នឹងបន្តគាំទ្រពង្រឹងវិស័យសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាពសហប្រតិបត្តិការផ្នែកឌីជីថលសុខាភិបាល ប្រព័ន្ធបញ្ជូន និងជំងឺមិនឆ្លង។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ USAID ដែលជានិច្ចកាលតែងតែសហការ គាំទ្រក្រសួងសុខាភិបាលក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីលើកម្ពស់សុខភាព របស់ប្រជាជនឈានទៅកាន់គ្របដណ្តប់សុខភាពជាសកលដោយមិនទុកចោលប្រជាជនណាម្នាក់ឡើយ។ លោកជំទាវ បានឆ្លើយតបទៅនឹងសំណើរបស់ប្រធានអង្គការ USAID ហើយបានលើកទឹក ចិត្តឲ្យ USAID បន្តនូវការជួបប្រជុំ ដើម្បីផ្លាស់ប្តូរនូវព័ត៌មានក៏ដូចជាវឌ្ឍនភាព នៃការអនុវត្តសកម្ម ភាពការងារ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាល រវាងភាគីទាំងពីរដើម្បី សិក្សាពីចំណុចខ្លាំង ចំណុចខ្សោយ នៃកិច្ចសហប្រតិបត្តិការ៕