មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឱ្យដំណើរការ ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែក សង្គ្រោះបន្ទាន់ជំងឺបេះដូង

(ភ្នំពេញ)៖ ដើម្បីចូលរួមជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលមានបញ្ហាជំងឺបេះដូងឱ្យបានទាន់ពេលវេលា មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមន្ទីពេទ្យដែលមាន សេវាព្យាបាលជំងឺរបស់ប្រជាពល រដ្ឋជាច្រើនមុខ និងជាមន្ទីពេទ្យមួយដែលទទួលព្យាបាលជំងឺជូនប្រជាពលរដ្ឋជាច្រើនក្នុងមួយថ្ងៃៗ បានពង្រីកបន្ថែមសេវាព្យាបាលជំងឺថ្មី មួយទៀតហើយគឺ ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែក សង្គ្រោះបន្ទាន់ជំងឺបេះដូង ដើម្បីត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋ។

ពិធីសម្ពោធដាក់ឱ្យដំណើរការ ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្គ្រោះបន្ទាន់ជំងឺបេះដូង បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ៀ ហួង រដ្ឋ លេខាធិការក្រសួងសុខាភិបាល តំណាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង មានការចូលរួមពីនាយកមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង រួមទាំងមាន លោកគ្រូ អ្នកគ្រូពេទ្យជាច្រើនរូបទៀតផងដែរ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ស៊ៀ ហួង ក៏បានថ្លែងកោតសរសើរដល់លោកនាយកមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ដែលបានខិតខំអស់ ពីកម្លាំងកាយចិត្ត ក្នុងការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ និងបានប្រឹងប្រែងពង្រីកនូវផ្នែកផ្សេងៗជាច្រើនបន្ថែម ទៀត ក្នុងការត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋ ដែលត្រូវការសេវាព្យាបាល និងជួយសង្គ្រោះ បន្ទាន់។

ឯកឧត្តម ស៊ៀ ហួង បញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហាជំងឺបេះដូងនេះ មានប្រជាពលរដ្ឋជាច្រើន ត្រូវការសេវាព្យាបាល ក្នុងនោះកន្លងប្រជាជនខ្មែរជាច្រើន ដែលមានលទ្ធភាព បានទៅទទួលសេវា ព្យាបាលនៅប្រទេសថៃ សាំងហ្គាពួរជាដើម ដើម្បីទទួលការព្យាបាល។ សម្រាប់សេវាព្យាបាលជំងឺនេះកន្លងមក គឺមានតែនៅក្នុងមន្ទីពេទ្យកាល់ម៉ែត្រមួយទេ តែជាក់ស្តែង នៅពេលនេះសេវាព្យាបាលជំងឺបេះដូងនេះ ក៏មាននៅក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មួយទៀត ដែរ ដើម្បីត្រៀមចាំទទួលសង្គ្រោះជូនប្រជាពលរដ្ឋ ភ្លាមៗតែម្តង។

ឯកឧត្តម ស៊ៀ ហួង ក៏បានអំពាវប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាជំងឺបេះដូងត្រូវការការព្យា បាល អាចមកទទួលសេវាព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមន្ទីពេទ្យមានក្រុម គ្រូពេទ្យជំនាញដែលមានសមត្ថភាព និងមានបទពិសោធន៍ខ្ពស់ដែលបានសិក្សានៅក្រៅប្រទេស រួមទាំងមានសម្ភារទំនើបៗគ្រប់គ្រាន់ ក្នុងការព្យាបាលជំងឺនេះ ជូនប្រជាពលរដ្ឋដែលត្រូវការសង្គ្រោះ បន្ទាន់ មិនចាញ់បរទេសនោះឡើយ។

លោកសាស្ដ្រាចារ្យ ងី ម៉េង បានឱ្យដឹងដែរថា សម្រាប់ផ្នែកឆ្លុះសរសៃឈាមបេះដូង និងផ្នែកសង្គ្រោះ បន្ទាន់ជំងឺបេះដូង មានគ្រូពេទ្យជំនាញឯកទេសដែលបានសិក្សា នៅក្រៅប្រទេស រួមទាំងបុគ្គលិក ជាង៤០នាក់ រង់ចាំជួយព្យាបាលជូនប្រជាពលរដ្ឋ។ សម្រាប់ការដំណើរការព្យាបាលផ្នែកបេះដូងនេះ បានចែកចេញជាផ្នែក សំខាន់ៗរួមមាន៖ ផ្នែកសង្គ្រោះបន្ទាន់ជំងឺបេះដូង ផ្នែកព្យាបាលបញ្ហាខុស ចង្វាក់បេះដូង និងផ្នែកស្ទះសរសៃឈាមបេះដូង៕