រដ្ឋមន្ត្រីការបរទេសអាមេរិក បន្តដំណើរទៅកាន់អាល្លឺម៉ង់ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញវិបត្តិរវាងរុស្ស៊ី-អ៊ុយក្រែន

 (ប៊ែរឡាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ បញ្ជាក់ប្រាប់អោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួប ពិភាក្សាការងារជាមួយសម្ពន្ធមិត្តអឺរ៉ុបសំខាន់ៗ ជាផ្នែកមួយនៃបេសកកម្មការទូតសំដៅទប់ស្កាត់កុំ ឱ្យរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។ បើតាមការគ្រោងទុក លោក Blinken នឹងស្វែងរកការបង្កើតក្រុម ចម្រុះមួយ នៅក្នុងជំនួបជាមួយសមាភាគីបារាំង និងអាល្លឺម៉ង់ រួមទាំងចក្រភពអង់គ្លេស មុននឹង លោកត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃសុក្រ សប្ដាហ៍នេះ។

សូមបញ្ជាក់ថា លោក Anthony Blinken បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប កាល ពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយការឈប់សំចតមុនគេនៅ អ៊ុយក្រែន ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុង កៀវ ក៏ដូចជាជំរុញឱ្យលោក វ្ល៉ាឌីមៀ ពូទីន បន្តដើរតាមជំហានការទូត និងដោយសន្តិវិធី៕