ប្រទេសកូរ៉េខាងជើងទើបបាញ់តេស្តមីស៉ីលមួយគ្រាប់ (អាចជាមីស៉ីលបាលីស្ទីក) នៅព្រឹកថ្ងៃអង្គារនេះ!

 (សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ប្រភពពីយោធាកូរ៉េខាងត្បូង និងជប៉ុនបានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងជើងបានធ្វើតេស្តអាវុធជាថ្មីទៀត ដែលត្រូវបានគេជឿជាក់ថាជា គ្រាប់ មីស៊ីលបាលីស្ទីក (ballistic missile) មិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីការធ្វើតេស្តអាវុធ ដែលកូរ៉េខាងជើងផ្ទាល់បានអះអាងថា ជាប្រភេទគ្រាប់មីស៊ីល ហោះលឿនជាងល្បឿនសំឡេង (hypersonic missile) នោះ។

បើតាមប្រភពពីយោធាកូរ៉េខាងត្បូង និងកងកម្លាំងស្វ័យការពារជប៉ុន បានឲ្យដឹងថា មីស៊ីលមួយ គ្រាប់ត្រូវបានបាញ់ចេញពីទឹកដីកូរ៉េខាងជើង កាលពីពេលវេលាម៉ោង ៧៖២៧នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) រួចក៏បានធ្លាក់ចូលទៅក្នុងដែនសមុទ្រ ស្ថិតនៅភាគខាងកើតប្រទេស នេះវិញ។ ទីក្រុងតូក្យូបានអះអាងថា គ្រាប់មីស៊ីលកូរ៉េខាងជើងថ្មីនេះ បានធ្លាក់នៅក្រៅតំបន់សេដ្ឋ កិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។

ជុំវិញព្រឹត្តិការណ៍នៅព្រឹកថ្ងៃអង្គារនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) បានប្រាប់អ្នករាយការណ៍ព័ត៌មាន នៅទីក្រុងតូក្យូថា «ការបន្តបាញ់តេស្តមីស៊ីលដោយ ប្រទេសកូរ៉េខាងជើងនេះ គឺជារឿងដ៏គួរឲ្យសោកស្តាយបំផុត»។ លោកនាយករដ្ឋមន្ត្រីបានបន្តទៀតថា អង្គការសហប្រជាជាតិ ទើបតែបញ្ចប់កិច្ចពិភាក្សាដើម្បីរិះរកវិធី ឆ្លើយតបនឹងការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង ដែលកូរ៉េខាងជើងបានអះអាងនោះ កាលពី សប្តាហ៍មុននេះប៉ុណ្ណោះ៕