(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែង ជំរុញ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ដោយផ្តល់អាហារូបត្ថម្ភ ឱ្យត្រឹមត្រូវ មានពេលហាត់គ្រប់គ្រាន់ និងមានគ្រូបង្ហាត់កម្រិតខ្ពស់ ដើម្បីអាចក្លាយជាកីឡាករ លំដាប់អន្តរជាតិ និងអាចឈានទៅដណ្តើមពានរង្វាន់ជូន គ្រួសារ និងប្រទេសជាតិ នៅក្នុងការ ប្រកួតកីឡា អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចក្រឡាហោម ស ខេង បានជំរុញដូចនេះនារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលហែលទឹកបាត់ដំបង ដោយមានការចូលរួមអម ដំណើរពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក រួមទាំងមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព ជំនាញជុំវិញខេត្ត គ្រូបង្វឹក សាស្ត្រាចារ្យ សិស្ស-និស្សិត កីឡាករ-កីឡាការិនី យុវជន ស.ស.យ.ក យុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហមសរុបទាំង ប្រមាណ៣២១រូប។
សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាឯកជននៅកម្ពុជា ដែលមានអាងហែល ទឹកផ្ទាល់ខ្លួនធ្វើការបណ្តុះបណ្តាលកីឡាករថ្នាលឱ្យបានច្រើន ផ្តោតលើ ការងារបណ្តុះបណ្តាល ធនធានមនុស្សទាំងកម្រិតគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមគណ:កម្មការបច្ចេកទេស និងការដឹក នាំគ្រប់គ្រងអង្គភាពរបស់ខ្លួន បំពាក់ឧបករណ៍ និងសម្ភារកីឡា ឱ្យបានសមស្របទំនើប និងទាន់ សម័យ ត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសអន្តរជាតិដើម្បីហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី ។
ត្រូវយកចិត្តទុកដាក់លើការឧបត្ថម្ភ និងការលើកទឹកចិត្តជីវភាពរស់នៅ ការស្នាក់នៅ និងការបរិភោគ របស់កីឡាករ-កីឡាការិនី និងគ្រូ បង្វឹកឱ្យបានល្អ និងបង្កើនការប្រកួត ប្រជែងឱ្យបានញឹកញាប់ ដើម្បីឱ្យកីឡាករ -កីឡាការិនីបានហ្វឹកហាត់ផង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ផងក្នុងការ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត និងចូលរួម ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឆ្នាំ២០២៣ ខាងមុខ។ សម្តេចក្រឡាហោម ក៏បានគូសបញ្ជាក់ពីស្មារតី និងការប្តេជ្ញាចិត្តខ្ពស់ប្រកបដោយឆន្ទ: មនសិការលះបង់ខ្ពស់គ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានប្រែក្លាយប្រទេសពីប្រទេសដែលគ្មានអ្វីៗទាំងអស់ មានតែ កម្ទេចផេះផង់ជាសំណល់នៃសង្គ្រាម មកជាប្រទេស ដែលមានអ្វីៗគ្រប់បែបយ៉ាង និងមានការ អភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ សម្តេចបានបន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះវិស័យ កីឡានៅកម្ពុជា មានការរីក ចម្រើនគួរឱ្យកត់សម្គាល់បន្ទាប់ពីកីឡាទាំងនោះចាប់ផ្ដើមពង្រីក សកម្មភាពរបស់ខ្លួន តាមរយៈការ បណ្ដុះបណ្ដាល និងការប្រកួតប្រជែង ដែលធ្វើឱ្យមានធនធាន កីឡាករ-កីឡាការិនីល្អៗកើតឡើងច្រើន៕