(ភ្នំពេញ)៖ តាមសារាចរណែនាំ ដែលទទួលបាន គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានចេញសារាចរណែនាំថ្មីមួយ ដោយដាក់ចេញនូវ ការងារអាទិភាពចំនួន៤ ជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេស មេរោគ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
ក្នុងសារាចរណែនាំ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខណៈដែលប្រទេសជាតិ ត្រូវបើក ដំណើរការពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ស្ថិតក្នុងសភាពធូរស្រាល និងអាចគ្រប់គ្រងវិញបាន រាជរដ្ឋាភិបាលពិនិត្យឃើញថា ប្រជាជនមួយចំនួននៅ តែមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញនៅឡើយ និងចំនួនប្រជាជន ដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើធៀបទៅនឹងចំនួន ប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចហើយ ទន្ទឹមនេះប្រជាជនមួយចំនួនហាក់បាន និងកំពុងមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេស វិធានការ «៣កុំ ៣ការពារ» ដែលអាចជាកត្តាប្រឈមនឹងការផ្ទុះឆ្លងរាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត។ ទន្ទឹមនេះ, កម្ពុជាក៏បានចាប់ផ្តើមរកឃើញជាបន្តបន្ទាប់ នូវវត្តមាន មេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍ផងដែរ។
ផ្អែកលើបរិបទខាងលើនេះ ជាពិសេសដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងក្នុងសហគមន៍, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការ ដែលមានការពាក់ព័ន្ធផ្សេងទៀត ព្រមទាំងប្រជាជនទូទៅដូចខាងក្រោម៖
ទី១៖ គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវជំរុញ និង បង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលជាខ្សែក្រវាត់ ការពារទី១ និងជាយុទ្ធសាស្ត្រ គន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោម សមត្ថកិច្ចរបស់ខ្លួន ឱ្យសម្រេចបានឆាប់រហ័ស ដើម្បី ធានាឱ្យបាននូវភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមក ពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
ទី២៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹង យន្តការតាមដាន និងត្រួតពិនិត្យរបស់ខ្លួន លើវឌ្ឍនភាពនៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្តនីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌ ទូទាំងប្រទេស ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្ត ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេសការសម្របសម្រួល ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹងស្ថានភាព ជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានា ផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្ត។
ទី៣៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, អនុគណៈកម្ម ការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយបន្ថែម ទៀតអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឱ្យប្រជា ជនមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ទី៤៖ គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការចាត់វិធានការ ចាំបាច់នានា ក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការ «៣កុំ ៣ការពារ» និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាពិសេស ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យជាប់ជាប្រចាំ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យគ្រប់ក្រសួង-ស្ថាប័ន គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការ ដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវសារាចរណែនាំថ្មីនេះ៕
ដែលជាការបំបែកកំណត់ត្រាចាស់ កាលពីខែមករា ឆ្នាំ២០២១ ដែលមានចំនួន ១៣២,០៥១នាក់។ អំលុងពេល ៣សប្តាហ៍ចុងក្រោយនេះ គេបានមើលឃើញអត្រាកំណើននៃអ្នកឆ្លងគុណនឹង ៣ ទៅ ហើយ ដោយសារតែឥទ្ធិពលនៃមេរោគបំប្លែងថ្មី Omicron៕