មន្ត្រីប៉ូលិស ១៨នាក់ និងកុបកររាប់សិបនាក់ស្លាប់ ក្នុងភាពចលាចលនៅរដ្ឋធានី នៃកាហ្សាក់ស្ថាន


(អាម៉ាធី)៖ តាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២អោយដឹងថា ភាពចលាចល និងអំពើហិង្សាទៅវិញទៅមក រវាងកងកម្លាំងប៉ូលិស និង ក្រុមកុបករនៅក្នុងរដ្ឋធានី អាល់ម៉ាធី (Almaty) នៃប្រទេសកាហ្សាក់ស្ថាន បានបណ្តាលឲ្យមន្ត្រី ប៉ូលិស ១៨នាក់ និងកុបកររាប់សិបនាក់ស្លាប់។

ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានអះអាងថា ភាពចលាចលនៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកាហ្សាក់ស្ថាននេះ ត្រូវបានបង្កឡើង ដោយក្រុមភេរវករ ដែលបានទទួលការបង្វឹកពីបរទេស ហេតុដូច្នេះទើបលោកបានដាក់ការស្នើ ឲ្យរុស្ស៊ីបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលមកគ្រប់គ្រងស្ថានការណ៍នេះតែម្តង។

ប្រធានាធិបតីនៃប្រទេស ដែលធ្លាប់ចំណុះឲ្យអតីតសហភាពសូវៀតមួយនេះ ថែមទាំងបានប្តេជ្ញានៅ ថ្ងៃសុក្រនេះទៀតថា នឹងកម្ទេចចលនាកុប្បកម្ម ឲ្យបាននៅក្នុងរយៈឆាប់រហ័សបំផុត។ លោក Tokayev ក៏បានថ្លែងអំណរគុណ ចំពោះប្រទេសចិន និងអង្គការអន្តរជាតិនានា ដែលបានប្រកាស គាំទ្រ រដ្ឋាភិបាលកាហ្សាក់ស្ថានផងដែរ៕