ឆ្នាំ២០២១ ម្រេចកំពតនាំចេញទៅទីផ្សារបរទេសបាន១១០តោន កើនជាងឆ្នាំមុនៗ


 (ភ្នំពេញ)៖ លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានបញ្ជាក់ថា ការនាំចេញម្រេចកំពត នៅក្នុងឆ្នាំ២០២១ មានការកើនឡើង ដោយនាំចេញបានប្រមាណជាង១១០តោន ដោយរាល់ឆ្នាំ នាំចេញបានជុំវិញ៧០តោនប៉ុណ្ណោះ។

លោក ងួន ឡាយ បានបញ្ជាក់ថា «បញ្ហាកូវីដ-១៩ មិនបានប៉ះពាល់ ដល់ការនាំចេញម្រេចកំពតនោះ ទេ ដោយមុនកូវីដ១៩ ជុំវិញ៣០ភាគរយ សម្រាប់ទីផ្សារទេសចរណ៍ក្នុងស្រុក តែក្នុងបរិបទកូវីដនេះ មិនមានទីផ្សារទេសចរណ៍ក្នុងស្រុកនោះទេ គឺនាំចេញទាំងអស់តែម្ដង»

បើតាមលោក ងួន ឡាយ ឆ្នាំ២០២១ តម្លៃម្រេចកំពត មិនខុសពីឆ្នាំមុនទេ ដោយម្រេចខ្មៅតម្លៃ១៥ ដុល្លារ ក្នុង១គីឡូក្រាម, ម្រេចក្រហម តម្លៃ២៥ដុល្លារ ក្នុង១គីឡូក្រាម និងម្រេចស តម្លៃ២៨ដុល្លារ ក្នុង១គីឡូក្រាម។

ប្រធានសមាគមរូបនេះបានបញ្ជាក់ឲ្យដឹងថា គោលដៅទីផ្សារធំជាងគេរបស់ម្រេចកំពត គឺនៅទីផ្សារ អឺរ៉ុប, ជប៉ុន, អាមេរិក, កូរ៉េខាងត្បូង, ប្រទេសចិន, តៃវ៉ាន់ និងហុងកុងជាដើម។

សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅឆ្នាំ២០២១ កម្ពុជានាំចេញម្រេច ប្រមាណ២៨តោន ទៅកាន់ប្រទេស និងកោះចំនួន២៣ ដែលមានកើនឡើងរហូតដល់ ៤៥២%៕