រដ្ឋមន្ត្រីទេសចរណ៍អោយដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាកទិវាជ័យជម្នះ ៧មករា មានភ្ញៀវ ទេសចរជិត ១៦ម៉ឺននាក់ ដើរកម្សាន្តនៅទូទាំងប្រទេស


 (ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល១ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ដើម្បីអប អរសាទរទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើរបប្រល័យពូជសាសន៍ ប៉ុល ពត មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨,៦៣០នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួន១៥៦,៤៧៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន ២,១៥១នាក់។

ឯកឧត្តម រដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់ថា សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

*រាជធានីភ្នំពេញ ៥៥,៨៤២នាក់
*ខេត្តព្រះសីហនុ ១២,៥៨៥នាក់
*ខេត្តសៀមរាប ១០,១៤៨នាក់
*ខេត្តពោធិ៍សាត់ ៩,៨៦៣នាក់
*ខេត្តមណ្ឌលគិរី ៩,៤៩៧នាក់
*ខេត្តបាត់ដំបង ៨,៣៦៥នាក់
*ខេត្តស្ទឹងត្រែង ៨,៣១០នាក់
*ខេត្តកែប ៨,១៣៥នាក់
*ខេត្តកំពត ៨,០៨២នាក់។

បន្ថែមពីនេះឯកឧត្តម ថោង ខុន បានកត់សម្គាល់ថា បើទោះបីថ្ងៃឈប់សម្រាកពិធីបុណ្យឆ្នាំសាកល ទើបតែកន្លងផុតនាសប្តាហ៍កន្លងមក ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែបង្ហាញសញ្ញារឹងមាំ។ ជាក់ស្តែង ត្រឹមតែមួយថ្ងៃឈប់សម្រាក ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ខ្លួនបងប្អូនប្រជាពល រដ្ឋ និងភ្ញៀវបរទេសផងដែរ បានចេញដើរកំសាន្ត រហូតដល់ជិត ១៦ម៉ឺននាក់។

ជាមួយនឹងចំនួនភ្ញៀវទេសចរដើមកម្សាន្តនេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចរន្ត ភ្ញៀវទេសចរនឹងបន្តកើនឡើងរហូតដល់ចុងសប្តាហ៍ ខណៈដែលភ្ញៀវទេសចរ និងបងប្អូនប្រជាពល រដ្ឋ នឹងបន្តដើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗ ក្រៅពីគោលការណ៍ដែលបានពួកគាត់បាន ទៅនាឱកាសឆ្លងឆ្នាំសាកល។

ទន្ទឹមនឹងនេះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋមួយចំនួ បានជ្រើសរើសដើរ កម្សាន្តនាចុងសប្តាហ៍នេះជំនួសថ្ងៃឆ្លងឆ្នាំសាកល ដោយសារពួកគាត់បានជ្រើសរើសការជួបជុំក្រុម គ្រួសារជំនួសឱ្យការដើរកម្សាន្ត និងដើម្បីបញ្ចៀសការជួបជុំកកកុញនៅតាមគោលដៅនានានាឱកាស ឆ្លងឆ្នាំសាកល»