អុញនោះ! សំណង់ឥតច្បាប់បំពានព្រែក ត្រូវបានអាជ្ញាធរក្រុងខេមរភូមិន្ទចេញលិខិតផ្អាកការសាងសង់ តែម្ចាស់សំណង់នៅបន្តធ្វើការសាងសង់

កោះកុង÷ សំណង់ឥតច្បាប់បំពានលើព្រែកកោះប៉ោ ចំណុចក្បាលស្ពានយាយយួន ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នៅបន្តសាងសង់ បើទោះបីជាខាងអាជ្ញាធរក្រុងបានចេញលិខិតផ្អាកការសាងសង់ហើយយ៉ាងណាក្តី សកម្មនេះបានធ្វើអោយមហាជនកាន់តែងឿងឆ្ងល់បន្ថែមទៀត និងនាំគ្នាជជែកវែកញែកពាសពេញតុកាហ្វេ ដោយខ្លះចោទថា ជាភាពរឹងរូស អាងខ្សែខ្នង និងលុយកាក់ពីសំណាក់ម្ចាស់ផ្ទះ ទើបបន្តសាងសង់ដោយមិនខ្វល់ពីចំណាត់ការខាងអាជ្ញាធរក្រុង និង ខ្លះទៀតលើកឡើងថា ការចេញលិខិតផ្អាកនេះ ហាក់បីដូចជាត្រឹមតែជាការលែងសៀកបំភាន់ភ្នែកមហាជនមួយរយៈពេលខ្លី តែធាតុពិតសំណង់នេះអាចនិងបន្តសាងសង់រហូតរួចរាល់ជាស្ថាពរដដែល ។

សំណង់ឥតច្បាប់បំពានលើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហាក់បន្តកើតមានជាបន្តបន្ទាប់ ដោយឃើញថា លិខិតផ្អាករបស់អាជ្ញាធរ ហាក់គ្មានប្រសិទ្ធភាពទៅលើម្ចាស់សំណង់ទេ តើទាំងនេះបណ្តាលមកពីមូលហេតុអ្វី ? ទើបខាងម្ចាស់សំណង់ឥតច្បាប់ទាំងនោះ ហាក់គ្មានការញញើតកោតខ្លាចផ្លូវច្បាប់បែបនេះ ឬបណ្តាលមកពីម្ចាស់សំណង់ផ្តល់ផលប្រយោជន៍អោយទៅខាងអាជ្ញាធរមានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ដើម្បីអោយពួកគាត់បិទភ្នែក បិទត្រចៀក មិនខ្វាយខ្វល់ពីផលប៉ះពាល់នានាទៅលើសម្បត្តិសាធារណ:បែបនេះ ។

រឿងរ៉ាវនៃការសាងសង់សំណង់ឥតច្បាប់បំពានយកព្រែកសាធារណៈរបស់រដ្ឋ ខាងលើ ត្រូវបានមហាជនរងចាំមើលថា អាជ្ញាធរក្រុងអាចនិងមានវិធានការល្អជាងនេះ ឬក៏បានត្រឹមតែជាការលែងសៀកបំភាន់ភ្នែកមួយរយៈពេលដូចការលើកឡើងរបស់មហាជនដែរឬយ៉ាងណា បើគឺនៅតែអង្កេតឃើញថា ម្ចាស់សំណង់នៅតែបន្តធ្វើការសាងសង់បន្ថែមបែបនេះ ឬថារងចាំរហូតដល់សំណង់សាងសង់រួចទើបខាងអាជ្ញាធរដុតដៃដុតជើងចុះទៅហាមឃាត់ម្តងទៀត ។

ជុំវិញបញ្ហាខាងលើ លោក លឹម ឌី ចៅសង្កាត់ដងទង់ បានបញ្ជាក់តាមទូរស័ព្ទថា រឿងនេះសាលាក្រុងបានចេញលិខិតបិទប្រកាសឲ្យម្ចាស់សំណង់ផ្អាកការសាងសង់រួចហើយ ក្រុងជាគណៈបញ្ជាការឯកភាព ជាអ្នកកំណត់ បើម្ចាស់សំណង់នៅតែបន្តលួចការសាងសង់ ទាល់តែសាលាក្រុង លោកមិនមានសិទ្ធិទៅហាមឃាត់នោះទេ។

ចំណែកលោក សាក់ រ៉ាវី ប្រធានច្រកចេញចូលក្រុង បានអោយដឹងដែរថា រឿងនេះលោកបានរាយការណ៍ជូនទៅថ្នាក់ដឹកនាំរួចហើយ ចាំមើលថ្នាក់ដឹកនាំសម្រេចបែបណា លោកនឹងធ្វើទៅតាមថ្នាក់ដឹកនាំ។

ទាក់ទងការបន្តលួចសាងសង់សំណង់រឹងមាំឥតច្បាប់ខាងលើ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ចាំលោកចាត់ឱ្យអាជ្ញាធរសង្កាត់ និងជំនាញ ចុះទៅពិនិត្យមើលឡើងវិញ
លោកបន្តថា យើងតម្រូវឲ្យម្ចាស់សំណង់ សុំច្បាប់ច្រកជាមុនសិន ដោយភ្ជាប់មកនៅជាមួយឯកសារផ្សេងៗ ។

ចំពោះ លោកស្រី កែវ ឌឿន ដែលជាម្ចាស់សំណង់ឥតច្បាប់ខាងល ក្រុមការងារយើងនៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ ។

គួររំលឹកថា សំណង់ឥតច្បាប់បំពានព្រែកសាធារណៈខាងលើ ត្រូវបានអាជ្ញាធរសង្កាត់/ក្រុង និងជំនាញភូមិបាល បានចុះទៅធ្វើការផ្អាកការដ្ឋាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤រួចហើយ តែគេនៅតែអង្កេតឃើញថា ម្ចាស់សំណង់ហាក់ពុំព្រមចូលរួមសហការផ្អាកការសាងសង់ឡើយ ដោយនៅតែបន្តលួចធ្វើការសាងសង់បន្ថែមទៀត៕ ដោយ សេន ពិសិដ្ឋ