លោក គីម ជុងអ៊ុន ហៅលោក វ្ល៉ាឌីមៀ ពូទីន​ថាជា «សមមិត្តជាទីស្រឡាញ់» ក្នុងសារអបអរឆ្នាំថ្មី

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារ ទី៣១ ខែធ្នូថា មេដឹកនាំលោក គីម ជុងអ៊ុន បានហៅលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន​ថាជា «សមមិត្តជាទីស្រឡាញ់» របស់លោក នៅក្នុងសារអបរសាទរឆ្នាំថ្មី ផ្ញើទៅកាន់មេដឹកនាំរុស្ស៉ី ជាមួយការប្ដេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់ជិតស្និទ្ធរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសារអបអរសាទរឆ្នាំថ្មី លោក គីម ជុងអ៊ុន បានជូនពរលោក ពូទីន និងប្រជាជនរុស្ស៉ីទាំងអស់ ក្នុងនោះរួមមានទាំងកងទ័ពរុស្ស៉ីផងដែរ ហើយបានបង្ហាញពីឆន្ទៈរបស់លោកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដែលលោក គីម អះអាងថាមេដឹកនាំនៃប្រទេសទាំង២បានលើកកម្ពស់ដល់ចំណុចខ្ពស់បំផុតមួយក្នុងឆ្នាំ២០២៤នេះ។ KCNA បានបន្ថែមថាលោក គីម សង្ឃឹមថាឆ្នាំថ្មី ឆ្នាំ២០២៥ នឹងត្រូវបានកត់ត្រាថាជាឆ្នាំ ដំបូងនៃជ័យជម្នះក្នុងស.វទី២១ នៅពេលដែលកងទ័ពរុស្ស៉ី និងប្រជាជនរុស្ស៉ី យកឈ្នះលើរបបណាហ្ស៉ី ហើយសម្រេចបាននូវជោគជ័យដ៏ធំធេង។

គួរបញ្ជាក់ថា លោក គីម និងលោក ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក នៅឯកិច្ចប្រជុំកំពូលមួយកាលពីខែមិថុនាកន្លងទៅ។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានបញ្ជូន កងទ័ពជាង ១០ ០០០នាក់ ទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ខណៈសេអ៊ូល​ និងវ៉ាស៊ីនតោនរាយការណ៍ថាកងទ័ពកូរ៉េខាងជើងជាង១០០០នាក់បានស្លាប់ និងរងរបួស៕